បរុសវ័យ ៤១ ឆ្នាំ នៅ ប្រទេសប្រេស៊ីល បានបាត់បង់ជីវិតដោយសារជំងឺអុតស្វា ដែលនេះបានក្លាយជាករណីស្លាប់ដំបូងដែលទាក់ទិននឹងជំងឺអុតស្វានៅខាងក្រៅ ទ្វីបអាហ្វ្រិក។
អ្នកជំងឺខាងលើដែលមានប្រព័ន្ធការពាររាងកាយខ្សោយខ្លាំង បានស្លាប់នៅ Belo Horizonte ដែលជាទីក្រុងរដ្ឋបាលរបស់រដ្ឋ Minas Gerais ភាគនិរតីនៃ ប្រទេសប្រេស៊ីល កាលពីថ្ងៃទី ២៨ កក្កដា។
ដើម្បីកុំឱ្យមានការភ័យស្លន់ស្លោក្នុងសហគមន៍ ប្រការសំខាន់គឺត្រូវសង្កត់ធ្ងន់ថា ក្រៅពីជំងឺអុតស្វា បុរសដែលបានស្លាប់ខាងលើក៏មានជំងឺជាច្រើនមុខផ្សេងទៀត នេះបើតាម Fabio Baccheretti ប្រធាននាយកដ្ឋានសុខាភិបាលរបស់រដ្ឋ Minas Gerais។ លោក Baccheretti បន្ថែមថា មុននោះ អ្នកជំងឺនេះកំពុងព្យាបាលមហារីក។
ក្រសួងសុខាភិបាលប្រេស៊ីល បានរកឃើញករណីឆ្លងជំងឺអុតស្វាជិត ១,០០០ នាក់ ដែលភាគច្រើននៅក្នុងរដ្ឋ Sao Paulo និង Rio de Janeiro។ ករណីឆ្លងវីរុសអុតស្វាដំបូងនៅ ប្រេស៊ីល ត្រូវបានរកឃើញកាលពីថ្ងៃទី ១០ ឧសភា នៅលើបុរសម្នាក់ដែលទើបតែវិលត្រលប់ពីដំណើរទេសចរណ៍នៅ អឺរ៉ុប។
កាលពីថ្ងៃទី ២៩ កក្កដា ប្រទេសអេស្ប៉ាញ ក៏បានប្រកាសអំពីករណីស្លាប់ដំបូងដោយសារជំងឺអុតស្វា ដែលនេះក៏ជាករណីស្លាប់ដោយសារជំងឺនេះដំបូងគេនៅ អឺរ៉ុប។
អ្នកជំងឺអុតស្វាមានអាការរោគពីស្រាលទៅមធ្យម ក្នុងនោះមានដូចជា អាការក្ដៅខ្លួន វិលមុខ ចេញកន្ទួល ពងខ្ទុះលើស្បែក និងអាចជាសះស្បើយក្រោយរយៈពេលច្រើនសប្ដាហ៍។
WHO បានណែនាំឱ្យចាក់វ៉ាក់សាំងសម្រាប់ក្រុមដែលមានហានិភ័យខ្ពស់ រួមមានទាំងបុគ្គលិកសុខាភិបាល និងក្រុមបុរសដែលមានទំនាក់ទំនងផ្លូវភេទជាមួយបុរសច្រើននាក់៕