យោងតាមអង្គការសុខភាពពិភពលោក (WHO) មកដល់បច្ចុប្បន្ន ៩៨% នៃចំនួនករណីឆ្លងជំងឺអុតស្វាដែលត្រូវបានរកឃើញនៅខាងក្រៅ ទ្វីបអាហ្វ្រិក គឺជាក្រុមមនុស្សប្រុសដែលរួមភេទជាមួយប្រុសដូចគ្នា។
កាលពីថ្ងៃទី ២៧ កក្កដា WHO ប្រកាសថា បានរកឃើញករណីឆ្លងជំងឺអុតស្វាជាង ១៨,០០០ នាក់ នៅក្នុង ៧៨ ប្រទេស ក្នុងនោះភាគច្រើនគឺនៅ ទ្វីបអឺរ៉ុប។
មុននោះ កាលពីថ្ងៃទី ២៣ កក្កដា WHO បានប្រកាសអាសន្នផ្នែកសុខាភិបាលចំពោះរលកនៃការផ្ទុះឆ្លងរាលដាលនៃជំងឺអុតស្វាលើកនេះ ដែលនេះគឺជាការប្រកាសអាសន្នកម្រិតខ្ពស់បំផុតចំពោះជំងឺឆ្លងមួយប្រភេទ។
យោងតាម WHO មកដល់បច្ចុប្បន្ន ៩៨% នៃចំនួនករណីឆ្លងជំងឺអុតស្វាដែលត្រូវបានរកឃើញនៅខាងក្រៅ ទ្វីបអាហ្វ្រិក (អាហ្វ្រិក គឺជាទ្វីបដែលបានចាត់ទុកអុតស្វាជាជំងឺរាតត្បាតដោយតំបន់) គឺជាក្រុមមនុស្សប្រុសដែលរួមភេទជាមួយប្រុសដូចគ្នា។
WHO បានណែនាំឱ្យចាក់វ៉ាក់សាំងសម្រាប់ក្រុមដែលមានហានិភ័យខ្ពស់ រួមមានទាំងបុគ្គលិកសុខាភិបាល និងក្រុមបុរសដែលមានទំនាក់ទំនងផ្លូវភេទជាមួយបុរសច្រើននាក់។
WHO ក៏បានព្រមានថា ត្រូវការពេលច្រើនសប្ដាហ៍បន្ទាប់ពីបានចាក់វ៉ាក់សាំងដូសទីពីរ ទើបរាងកាយមានប្រព័ន្ធការពារគ្រប់គ្រាន់ ដូច្នេះ គ្រប់គ្នាត្រូវតែបន្តការពារខ្លួនរហូតដល់ពេលវ៉ាក់សាំងមានអនុភាពពេញលេញ។
ការផ្ទុះឆ្លងរាលដាលលើកនេះ វីរុសអុតស្វាបានធ្វើឱ្យអ្នកជំងឺប្រហែល ១០% ត្រូវចូលពេទ្យ និងអ្នកជំងឺ ៥ នាក់បានបាត់បង់ជីវិត ដែលទាំងនេះសុទ្ធតែកើតឡើងនៅក្នុង ទ្វីបអាហ្វ្រិក។
ជំងឺអុតស្វាដើមឡើងយមិនសូវត្រូវបានគេចាប់អារម្មណ៍ប៉ុន្មាន ព្រោះតែវាមាននៅតែក្នុង ទ្វីបអាហ្វ្រិក ប៉ុណ្ណោះ នៅក្នុងច្រើនទសវត្សរ៍មកនេះ។ ក៏ប៉ុន្តែ មកដល់ខែឧសភា ២០២២ ករណីឆ្លងជំងឺនេះក៏ត្រូវបានរកឃើញនៅខាងក្រៅ ទ្វីបអាហ្វ្រិក។
អ្នកជំងឺអុតស្វាមានអាការរោគពីស្រាលទៅមធ្យម ក្នុងនោះមានដូចជា ក្ដៅខ្លួន វិលមុខ ចេញកន្ទួល ពងខ្ទុះលើស្បែក និងអាចជាសះស្បើយក្រោយរយៈពេលច្រើនសប្ដាហ៍។
ប្រធាន WHO លោក Tedros បានឱ្យដឹងថា បច្ចុប្បន្នពិភពលោកមានវ៉ាក់សាំងអុតស្វាស្របច្បាប់ហែល ១៦ លានដូស ប៉ុន្តែ សុទ្ធតែស្ថិតក្នុងកញ្ចប់ធំៗ និងត្រូវចំណាយពេលច្រើនខែដើម្បីបែងជាកញ្ចប់តូច។
WHO អំពាវនាវដល់បណ្ដាប្រទេសដែលមានវ៉ាក់សាំងអុតស្វា ចែករំលែកទៅឱ្យបណ្ដាប្រទេសដែលកំពុងប្រឈមនឹងជំងឺរាតត្បាតនេះ។
អង្គការសុខភាពពិភពលោក បានគណនាឃើញថា ពិភពលោកត្រូវការវ៉ាក់សាំងអុតស្វាពី ៥ ទៅ ១០ លានដូស ដើម្បីចាក់ជូនក្រុមដែលមានហានិភ័យខ្ពស់៕