អង្គការសុខភាពពិភពលោក (WHO) កំពុងព្រមានអំពីការផ្ទុះឆ្លងរាលដាលនៃ វីរុសម៉ាប៊ឺក (Marburg) ក្រោយពី ហ្កាណា (Ghana) រកឃើញករណីស្លាប់ដំបូងៗដោយសារវីរុសនេះ។
នេះគឺជាលើកដំបូងដែលវីរុសមួយប្រភេទដូចទៅនឹង វីរុសអេបូឡា (EBOV/Ebola) ត្រូវបានរកឃើញក្នុងប្រទេសនៅ អាហ្វ្រិកខាងលិច និងជាលើកទីពីរដែលវាបង្ហាញខ្លួនក្នុងតំបន់នេះ។
ក្នុងឯកសារមួយដែលត្រូវបានប្រកាសកាលពីថ្ងៃទី ១៧ កក្កដា WHO បានឱ្យដឹងថា ការវិភាគសំណាកដែលបានពីអ្នកជំងឺ ២ រូបដែលស្លាប់នៅតំបន់ Ashanti ភាគខាងត្បូងប្រទេសហ្កាណា បង្ហាញថា វិជ្ជមាននឹងវីរុស ម៉ាប៊ឺក។ អ្នកជំងឺទាំង ២ នាក់នេះសុទ្ធតែមានរោគសញ្ញាដូចជា រាក ក្ដៅខ្លួន ក្អួតចង្អោរ ហើយក៏ស្លាប់ មួយថ្ងៃបន្ទាប់ពីបានចូលព្យាបាលនៅមន្ទីរពេទ្យកាលពីចុងខែមិថុនា។ ក្នុងចំណោមអ្នកជំងឺខាងលើ ម្នាក់មានអាយុ ៥១ ឆ្នាំ និងម្នាក់ទៀតមានអាយុ ២៦ ឆ្នាំ។
បច្ចុប្បន្ន មនុស្សយ៉ាងហោច ៩០ នាក់ដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺខាងលើ ត្រូវបានកំណត់អត្តសញ្ញាណរួចហើយ និងកំពុងស្ថិតក្នុងការតាមដានរបស់ក្រុមមន្ត្រីសុខាភិបាលក្នុងស្រុក និង WHO។ WHO ក៏កំពុងជួយដល់ ហ្កាណា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលរបស់វីរុសនេះ។
វីរុសម៉ាប៊ឺក ត្រូវបាន WHO បរិយាយថាជាជំងឺគ្រុនឈាមមួយប្រភេទកើតឡើងដោយសារវីរុសដែលមានសមត្ថភាពឆ្លងរាលដាលខ្ពស់ដូចទៅនឹងវីរុស EBOV ដែលបង្កជំងឺអេបូឡា។ វីរុសម៉ាប៊ឺក អាចឆ្លងពីសត្វមកមនុស្ស តាមរយៈការប៉ះពាល់ធាតុរាវរបស់រាងកាយសត្វ និងឆ្លងរាលដាលពីមនុស្សទៅមនុស្ស។
អ្នកឆ្លងជំងឺនេះនឹងធ្លាក់ខ្លួនឈឺភ្លាមៗ ដោយមានអាការរោគ ក្ដីខ្លួនខ្លាំង ឈឺក្បាលខ្លាំង និងពិបាកក្នុងខ្លួន។ អ្នកជំងឺអាចមានរោគសញ្ញាចេញឈាមក្នុងរង្វង់ ៧ ថ្ងៃបន្ទាប់ពីបានឆ្លងវីរុសម៉ាប៊ឺក។
ស្ថាប័នសុខាភិបាលរបស់ ហ្កាណា បានណែនាំថា «ប្រជាជនគួរតែចៀសវាងល្អាងដែលមានសត្វប្រចៀវរស់នៅ ហើយត្រូវចម្អិតសាច់ឱ្យបានឆ្អិតល្អមុនពេលបរិភោគ»។
អត្រានៃការស្លាប់ដោយសារឆ្លងវីរុសម៉ាប៊ឺក គឺចាប់ពី ២៤% ដល់ ៨៨% អាស្រ័យទៅលើប្រភេទវីរុស នៅក្នុងការផ្ទុះឆ្លងរាលដាលមុននោះ ប៉ុន្តែ បច្ចុប្បន្នពុំទាន់មានវ៉ាក់សាំង ឬវិធីព្យាបាលផ្លូវការណាមួយសម្រាប់ជំងឺនេះនៅឡើយ។
យោងតាម WHO ការផ្ទុះឆ្លងរាលដាលដំបូងនៃវីរុសម៉ាប៊ឺក ត្រូវបានរកឃើញនៅក្នុង ប្រទេសអាល្លឺម៉ង់ កាលពីឆ្នាំ ១៩៦៧។ ចាប់ពីពេលនោះមក ក៏មានការផ្ទុះឆ្លងរាលដាលរប៉េះរប៉ោះដែលត្រូវបានគេរកឃើញនៅ អង់ហ្គោឡា, សាធារណរដ្ឋកុងហ្គោ, កេនយ៉ា, អាហ្វ្រិកខាងត្បូង និង អ៊ូហ្កង់ដា។ ប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេដោយសារវីរុសម៉ាប៊ឺក គឺ ប្រទេសអង់ហ្គោឡា ដោយមានអ្នកស្លាប់ចំនួនជាង ២០០ នាក់ កាលពីឆ្នាំ ២០០៥៕