កម្ពុជា បានរកឃើញវត្តមាន កូវីដ-១៩ ប្រភេទ អូមីក្រុង (Omicron) បំប្លែងថ្មី BA4 និង BA5 ដែលមានលទ្ធភាពឆ្លងលឿន និងអាចបង្កអាការរោគធ្ងន់ធ្ងរ នេះបើតាម ក្រសួងសុខាភិបាលកម្ពុជា។
កម្ពុជា បានរកឃើញវត្តមាន អូមីក្រុងបំប្លែងថ្មី BA4 និង BA5 នេះ បន្ទាប់ពីកូវីដ-១៩ បានចាប់ផ្ដើមឆ្លងរាលដាលជាថ្មី រាប់ចាប់ពីថ្ងៃទី ២៨ មិថុនា។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា BA4 និង BA5 មានលទ្ធភាពឆ្លងលឿន។ ការឆ្លងអូមីក្រុងប្រភេទ BA4 និង BA5 នេះ ធ្វើឱ្យអ្នកជំងឺ ឈានទៅភាពធ្ងន់ធ្ងរ ប្រសិនមិនបានចាក់វ៉ាក់សាំង និងមិនអនុវត្តតាមនិតិវិធីព្យាបាលត្រឹមត្រូវ។
រោគសញ្ញាដែលបង្កឡើងដោយ BA4 និង BA5 មិនខុសប្លែកគ្នាពី ប្រភេទកូវីដ-១៩ ជំនាន់មុនៗនោះទេ ពោលគឺ មានដូចជា ក្ដៅខ្លួន ក្អក ឈឺបំពង់ក និងហៀរសំបោរជាដើម។