ឥណ្ឌូណេស៊ី នឹង​តម្រូវឱ្យ​ទេសចរ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ដូ​ស​ជំរុញ

ប្រភពព័ត៌មាន​ពី ទីក្រុង​ហ្សា​ការ​តា ឱ្យដឹងថា អ្នកនាំពាក្យ​របស់ ក្រសួងសុខាភិបាល​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី ៥ កក្កដា បាន​បញ្ជាក់ថា រដ្ឋាភិបាល​ប្រទេស​នេះ​មាន​ផែនការ​ស្នើឱ្យ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ដូ​ស​ជំរុញ ចំពោះ​ទេសចរ ក្នុង​គ្រា​ដែល​តួលេខ​នៃ​ករណី​ឆ្លង​ជំងឺ​នេះ​កំពុង​កើនឡើង​នៅក្នុង​តំបន់​មួយចំនួន។

អ្នកនាំពាក្យ​របស់ ក្រសួងសុខាភិបាល​ឥណ្ឌូណេស៊ី លោក Mohammad Syahril បានឱ្យដឹងថា ប្រធានាធិបតី Joko Widodo បាន​កំណត់ថា ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​គឺជា​ការតម្រូវ​មួយ​នៅក្នុង​ការធ្វើដំណើរ ហើយ​មេដឹកនាំ​ប្រទេស​នេះ​មិន​ចង់ឃើញ​រលក​នៃ​ការឆ្លង​រាលដាល​ថ្មី​នៃ​ជំងឺ​កូ​វីដ-១៩។

យោងតាម​មន្ត្រី​ខាងលើ ស្ថានភាព​កូ​វីដ-១៩ ត្រូវបាន​គ្រប់គ្រង​នៅ​ទូទាំងប្រទេស​ក្នុង​ខែមិថុនា ២០២២ ដោយ​អត្រា​នៃ​ការធ្វើ​តេស្ត​រកឃើញ​ករ​ណី​វិជ្ជមាន​ក្រោម ១.១៥% និង​អត្រា​ឆ្លង​ស្ថិតក្នុង​កម្រិត ១.០៣ ករណី​លើ ១០០,០០០ នាក់ នៅក្នុង ១ សប្ដាហ៍។

រលក​នៃ​ការឆ្លង​រាលដាល​បានកើត​ឡើងជា​ថ្មី​នៅ​ប្រទេស​នេះ ក្នុងនោះ កាលពី​ថ្ងៃទី ៣០ មិថុនា តួលេខ​អ្នក​ឆ្លង​ថ្មី​បាន​កើន​ដល់ ២,២០០ នាក់ ប៉ុន្តែ បាន​ថយចុះ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល ៤ ថ្ងៃ មក​នៅត្រឹម ១,៤៣៤ ករណី ក្នុង​ថ្ងៃទី ៤ កក្កដា។ ទោះជា​យ៉ាងណាក៏ដោយ តួលេខ​នេះ​បាន​ព្រមាន​អំពី​រលក​នៃ​ការឆ្លង​រាលដាល​ធំថ្មី​ដែល​អាច​កើតឡើង​គ្រប់ពេល។

លោក Syahril សង្កត់ធ្ងន់ថា ការផ្ទុះ​ឆ្លង​រាលដាល​ថ្មី​គឺ​ចាប់ផ្ដើម​ពី​ការមិន​គោរព​វិធានការ​សុខាភិបាល និង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​មានការ​យឺតយ៉ាវ៕

Leave a Comment