ថ្លែងក្នុងកិច្ចប្រជុំបន្ទាន់ (IHR) របស់ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ២៣ មិថុនា លោក Tedros Adhanom Ghebreyesus សង្កត់ធ្ងន់ថា គ្រប់ប្រទេសត្រូវបង្កើនសមត្ថភាពដើម្បីទប់ស្កាត់ការឆ្លងរាលដាលរបស់ជំងឺអុតស្វា (Monkeypox) ដោយការបង្កើនការតាមដាន ស្រាវជ្រាវ និងធ្វើចត្តាឡីស័កចំពោះអ្នកដែលបានឆ្លងជំងឺនេះ។
ប្រធានអង្គការសុខភាពពិភពលោក ថ្លែងថា ករណីឆ្លងជំងឺអុតស្វា នៅក្នុងបណ្ដាប្រទេសដែលទើបរកឃើញករណីឆ្លងជំងឺនេះ ភាគច្រើនគឺជាបុរសភេទទីបី ហើយក្រុមមនុស្សនេះតែងមានទំនាក់ទំនងផ្លូវភេទជាមួយមនុស្សច្រើននាក់។ លោក Tedros បានព្រមានថា ស្ថានភាពឆ្លងពីមនុស្សទៅមនុស្សកំពុងតែកើនឡើងជាបន្តបន្ទាប់ ហើយហាក់កំពុងត្រូវបានវាយតម្លៃទាប។
យោងតាមស្ថិតិថ្មីបំផុតរបស់ WHO គិតចាប់ពីដើមឆ្នាំរហូតដល់បច្ចុប្បន្ន បណ្ដាប្រទេសក្នុងតំបន់ អាហ្វ្រិកកណ្ដាល បានរកឃើញអ្នកឆ្លងជំងឺអុតស្វាថ្មីចំនួន ៣,២០០ នាក់ និងករណីសង្ស័យជិត ១,៥០០ នាក់។ ក្រៅពីនេះ នៅមានករណីស្លាប់ចំនួន ៧០ នាក់ ត្រូវគេសង្ស័យថា ជាប់ទាក់ទិននឹងជំងឺអុតស្វានេះដែរ។
តាមគម្រោង ក្នុងថ្ងៃទី ២៤ មិថុនានេះ IHR នឹងលើកឡើងនូវការណែនាំស្ដីពី «ស្ថានភាពបន្ទាន់អំពីសុខភាពសាធារណៈដែលត្រូវបានអន្តរជាតិយកចិត្តទុកដាក់» (PHEIC) និងធ្វើការវាយតម្លៃអំពីហានិភ័យចំពោះសុខភាពមនុស្ស ហានិភ័យនៃការឆ្លងរាលដាលនៅទូទាំងពិភពលោក ក៏ដូចជាហានិភ័យរបស់ជំងឺនេះចំពោះការដើរហើរនៅលើសកលលោក។
យោងតាមការណែនាំរបស់ IHR លោក Tedros នឹងធ្វើការសម្រេចចិត្តចុងក្រោយអំពីការដែលថា តើគួរចាត់ទុកជំងឺអុតស្វាជាស្ថានភាពដែលហៅថា PHEIC ដែរ ឬអត់។ រាប់ចាប់ពីឆ្នាំ ២០០៩ WHO បានប្រកាសស្ថានភាព PHEIC ចំនួន ៦ លើកមកហើយ ក្នុងនោះ ករណីចុងក្រោយបង្អស់គឺ ជំងឺរាតត្បាតសកល កូវីដ-១៩ កាលពីឆ្នាំ ២០២០៕