ស្ថាប័នគ្រប់គ្រងអាហារ និងឱសថអាម៉េរិក (FDA) ប្រកាសបើកការស៊ើបអង្កេតលើករណីថ្មីបំផុត ទាក់ទិននឹងទារកម្នាក់ដែលត្រូវបានគេរាយការណ៍ថា បានស្លាប់ «បន្ទាប់ពីប្រើប្រាស់ផលិតផលទឹកដោះគោរូបមន្តដែលផលិតដោយក្រុមហ៊ុន Abbott»។
FDA មិនបានលើកឡើងច្បាស់អំពីផលិតផលជាក់លាក់របស់ Abbott ដែលទារកម្នាក់បានស្លាប់នោះប្រើប្រាស់ ក៏ដូចជាទីតាំងផលិត ប៉ុន្តែបានបញ្ជាក់ថា ការស៊ើបអង្កេតកំពុងស្ថិតនៅក្នុងដំណាក់កាលបឋម។
ចំណែកអ្នកនាំពាក្យរបស់ Abbott បានឱ្យដឹងថា បច្ចុប្បន្ន «មិនមានការសន្និដ្ឋាន» ក៏ដូចជា «មិនមានភ័ស្ដុតាងណាមួយដែលបង្ហាញអំពីទំនាក់ទំនងនៃមូលហេតុ និងលទ្ធផល» រវាងបណ្ដាផលិតផលរបស់ Abbott និងការស្លាប់របស់ទារកខាងលើឡើយ។
ការស៊ើបអង្កេតថ្មីបំផុតនេះត្រូវបានធ្វើឡើងក្រោយពី FDA បានបើកភ្លើងខៀវឱ្យ Abbott កាលពីជិតមួយខែមុន ដោយអនុញ្ញាតឱ្យបើកទ្វាររោងចក្រផលិតម្សៅទឹកដោះគោរបស់ខ្លួននៅ Sturgis ក្នុងរដ្ឋ Michigan។ នេះគឺជារោងចក្រផលិតម្សៅទឹកដោះគោធំជាងគេបង្អស់នៅ សហរដ្ឋអាម៉េរិក។
រោងចក្រខាងលើនេះត្រូវបង្ខំឱ្យបិទទ្វារកាលពីខែកុម្ភៈ ២០២២ បន្ទាប់ពីមានករណីទារក ៤ នាក់ បានឆ្លងមេរោគ ក្នុងនោះមាន ២ នាក់បានស្លាប់។ ប៉ុន្តែ លទ្ធផលនៃការស៊ើបអង្កេតបានបង្ហាញថា ផលិតផលរបស់ Abbott មិនមានលទ្ធភាពជាប្រភពចម្លងមេរោគនៅក្នុងករណីស្លាប់របស់ទារកខាងលើនេះទេ។
សហរដ្ឋអាម៉េរិក បច្ចុប្បន្នប្រឈមនឹងបញ្ហាកង្វះផលិតផលទឹកដោះគោនៅទូទាំងប្រទេស។ កាលពីថ្ងៃទី ២២ មិថុនា រដ្ឋាភិបាលរបស់លោក បៃដិន បានប្រកាសថា កំពុងតែជួយជ្រោមជ្រែកក្នុងការនាំចូលផលិតផលម្សៅទឹកដោះគោសម្រាប់កុមារ ប្រហែល ១៦ លានកំប៉ុង ពី ប្រទេសម៉ិកស៊ិក ដោយចាប់ផ្ដើមពីចុងសប្ដាហ៍នេះ។
គិតមកដល់បច្ចុប្បន្ន FDA បានពិនិត្យ និងស៊ើបអង្កេតលើការតវ៉ាចំនួន ១២៩ ករណី ទាក់ទងនឹងផលិតផលទឹកដោះគោរបស់ Abbott ក្នុងនោះ ភាគច្រើនគឺជាការតវ៉ាដែលត្រូវបានធ្វើឡើងបន្ទាប់ពី Abbott ស្ម័គ្រចិត្តប្រមូលផលិតផលរបស់ខ្លួនមកវិញកាលពីថ្ងៃទី ១៧ កុម្ភៈ៕