រដ្ឋាភិបាលអាម៉េរិក កំពុងបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺអុតស្វាបន្ថែមទៀត ក្នុងគ្រាដែលតួលេខអ្នកឆ្លងជំងឺនេះចេះតែកើនឡើង។
បច្ចុប្បន្ន សហរដ្ឋអាម៉េរិក បានរកឃើញករណីឆ្លងជំងឺអុតស្វា ចំនួន ៤៥ នាក់ នៅក្នុង ១៥ រដ្ឋ និងរដ្ឋធានីវ៉ាស៊ីងតោន។ ចំណែក ករណីឆ្លងជំងឺនេះជាង ១,៣០០ នាក់ ត្រូវបានរកឃើញនៅក្នុងប្រទេសប្រហែល ៣០ ដែលស្ថិតនៅក្រៅ ទ្វីបអាហ្វ្រិក។
ក្រុមមន្ត្រីសុខាភិបាលឱ្យដឹងថា ហានិភ័យនៃការផ្ទុះឆ្លងរាលដាលជំងឺអុតស្វាក្នុងសហគមន៍នៅ សហរដ្ឋអាម៉េរិក គឺទាប ប៉ុន្តែ វិធានការសុខាភិបាលចាំបាច់នានាកំពុងត្រូវបានអនុវត្តដើម្បីទប់ស្កាត់រាល់ស្ថានការណ៍ដែលអាចកើតឡើង។ រដ្ឋាភិបាលអាម៉េរិក បច្ចុប្បន្នមានវ៉ាក់សាំងបង្ការជំងឺអុតស្វា Jynnenos ចំនួន ៧២,០០០ ដូស និងមាន ៣០០,០០០ ដូសបន្ថែមទៀតនៅប៉ុន្មានសប្ដាហ៍ខាងមុខ។ កាលពីម្សិលមិញ រដ្ឋាភិបាលអាម៉េរិក ក៏បានប្រកាសថា បានបញ្ជាទិញវ៉ាក់សាំង Jynnenos ចំនួន ៥០០,០០០ ដូស ហើយថា នឹងទទួលបានវ៉ាក់សាំងទាំងនេះនៅចុងឆ្នាំ។
ក្រុមមន្ត្រីសហរដ្ឋអាម៉េរិក បានផ្ដល់អនុសាសន៍ឱ្យប្រព័ន្ធសុខាភិបាលប្រទេសនេះ តាមដានឱ្យបានម៉ត់ចត់ចំពោះករណីឆ្លងជំងឺអុតស្វា និងចាក់វ៉ាក់សាំងជូនដល់អ្នកដែលបានប៉ះពាល់ ឬនៅក្បែរប្រភពចម្លង។ មកដល់ពេលនេះ វ៉ាក់សាំងអុតស្វាប្រហែល ១,៤០០ ដូស ត្រូវបានបែងចែកទៅកាន់បណ្ដាតំបន់ដែលមានករណីឆ្លងជំងឺនេះ។
អុតស្វាគឺជាជំងឺរាតត្បាតដោយតំបន់នៅ ទ្វីបអាហ្វ្រិក និងឆ្លងរាលដាលតាមរយៈស្នាមខាំរបស់សត្វកកេរ ឬសត្វតូចៗ និងមិនសូវឆ្លងពីមនុស្សទៅមនុស្ស។ ប៉ុន្តែ កាលពីខែកន្លងទៅ ករណីឆ្លងជំងឺអុតស្វាជាច្រើនបានបង្ហាញខ្លួននៅ ទ្វីបអឺរ៉ុប និង អាម៉េរិក ហើយក្នុងចំណោមនោះ មានអ្នកជំងឺជាច្រើនមិនមានប្រវត្តិដើរហើរនៅបរទេស៕