ក្រុមមន្ត្រីនៃ ទីក្រុងសៀងហៃ ឱ្យដឹងថា នឹងបិទខ្ទប់ជាថ្មីចំពោះខណ្ឌមួយដែលមានប្រជាជនរស់នៅប្រមាណ ២.៧ លាននាក់ ដើម្បីធ្វើតេស្តរកកូវីដ-១៩ ក្នុងទ្រង់ទ្រាយធំ បន្ទាប់ពីការដករាល់វិធានការទប់ស្កាត់បានមួយសប្ដាហ៍។
ខណ្ឌ Minhang ដែលស្ថិតនៅភាគនិរតីនៃ ទីក្រុងសៀងហៃ នឹងត្រូវបិទខ្ទប់ចាប់ពីព្រឹកថ្ងៃទី ១១ មិថុនា ហើយប្រជាជនទាំងអស់នឹងត្រូវបានធ្វើតេស្តសំណាក នេះបើតាមក្រុមមន្ត្រីខណ្ឌដែលបានឱ្យដឹងនៅថ្ងៃនេះ។
«បទបញ្ជាបិទខ្ទប់នឹងត្រូវបានដកមកវិញបន្ទាប់ពីសំណាកសម្រាប់ធ្វើតេស្តត្រូវបានប្រមូលរួចរាល់» ប្រកាសរបស់អាជ្ញាធរក្រុងសៀងហៃ ឱ្យដឹងដូច្នេះ ប៉ុន្តែ មិនបានលើកឡើងអំពីពេលវេលាជាក់លាក់ក្នុងការដកបទបញ្ជាបិទខ្ទប់ និងមិនបានឱ្យដឹងអំពីវិធានការអ្វីខ្លះដែលនឹងត្រូវអនុវត្ត បើសិនបានរកឃើញករណីវិជ្ជមាន។