មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លង (CDC) អាម៉េរិក បានបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺអុតស្វា ឡើងដល់កម្រិតទី ២ ដោយផ្ដល់អនុសាសន៍ឱ្យប្រជាជនពាក់ម៉ាសនៅពេលធ្វើដំណើរ។
ក្នុងការព្រមានថ្មីបំផុត កាលពីថ្ងៃទី ៦ មិថុនា CDC អាម៉េរិក បានឱ្យដឹងថា បណ្ដាករណីឆ្លងជំងឺអុតស្វា ត្រូវបានរកឃើញនៅ អឺរ៉ុប, អាម៉េរិកខាងជើង, អាម៉េរិកខាងត្បូង, អាហ្វ្រិក, អាស៊ី និង អូស្ត្រាលី។ យោងតាម អង្គការសុខភាពពិភពលោក (WHO) ករណីវិជ្ជមាននឹងជំងឺអុតស្វានេះប្រហែលជាបានឆ្លងទៅខាងក្រៅ ទ្វីបអាហ្វ្រិក ដោយមិនមានអ្នកណាដឹងអស់រយៈពេលជាច្រើនឆ្នាំ រហូតដល់ករណីដំបូងត្រូវបានគេបញ្ជាក់កាលពីខែមីនាកន្លងទៅ។
គិតមកដល់បច្ចុប្បន្ន សហរដ្ឋអាម៉េរិក បានរកឃើញអ្នកឆ្លងជំងឺអុតស្វាចំនួន ២៥ ករណី ហើយ CDC អាម៉េរិក បានបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺនេះឡើងដល់កម្រិតទី ២ ដោយណែនាំឱ្យប្រជាជនពាក់ម៉ាសនៅពេលធ្វើដំណើរ។
CDC អាម៉េរិក បានចាប់ផ្ដើមបែងចែកវ៉ាក់សាំងបង្ការវីរុសបង្កជំងឺអុតស្វាដែលមានឈ្មោះថា Jynneos ចំនួន ១,២០០ ដូស ដើម្បីចាក់ជូនប្រជាជនដែលបានប៉ះពាល់ និងនៅក្បែរអ្នកជំងឺអុតស្វា។ វ៉ាក់សាំងនេះត្រូវបានអនុម័តឱ្យប្រើប្រាស់នៅ សហរដ្ឋអាម៉េរិក កាលពីឆ្នាំ ២០១៩ ចំពោះមនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដើម្បីបង្ការជំងឺអុតធំ (smallpox) និងជំងឺអុតស្វា។
យោងតាម អង្គការសុខភាពពិភពលោក (WHO) វីរុសបង្កជំងឺអុតស្វាឆ្លងពីមនុស្សទៅមនុស្សនៅពេលប៉ះពាល់គ្នាយូរជាមួយនឹងរបួស ធាតុរាវរបស់រាងកាយ តំណក់ទឹកផ្លូវដង្ហើម ឬសម្ភរដែលមានផ្ទុកវីរុស ដូចជា ភួយខ្នើយជាដើម។ អាការដំបូងនៃជំងឺអុតស្វា គឺ ក្ដៅខ្លួន ឈឺក្បាល ហើមកូនកណ្ដុរ ឈឺខ្នង និងសាច់ដុំ ក្រោយមកក៏ចេញពងមានខ្ទុះលើស្បែកនៅត្រង់មុខ ដៃ និងកន្លែងជាច្រើនទៀតរបស់រាងកាយ។ រោងសញ្ញាចាប់ផ្ដើមបង្ហាញខ្លួនក្នុងរង្វង់ពី ១ ទៅ ២ សប្ដាហ៍ រាប់ចាប់ពីពេលឆ្លងវីរុស។