ស្ថាប័នសន្តិសុខសុខាភិបាលអង់គ្លេស (UKHSA) កាលពីថ្ងៃទី ០១ មិថុនា បានឱ្យដឹងថា ជំងឺអុតស្វាពិតជាឆ្លងពីមនុស្សទៅមនុស្ស។
យោងតាម Reuters វីរុសដែលតែងបង្កជាជំងឺរាតត្បាតនៅ អាហ្វ្រិកខាងលិច និង អាហ្វ្រិកកណ្ដាល នេះ ត្រូវបានគេជឿថា អាចឆ្លងពីមនុស្សទៅមនុស្សតាមរយៈការប៉ះពាល់។ កាលពីដើមខែឧសភា ករណីឆ្លងជំងឺអុតស្វា ត្រូវបានរកឃើញនៅខាងក្រៅដែនដីនៃ ទ្វីបអាហ្វ្រិក។
«ការផ្ទុះឆ្លងជំងឺនាបច្ចុប្បន្ន គឺជាសញ្ញាដំបូងបង្ហាញថា វីរុសឆ្លងពីមនុស្សទៅមនុស្សនៅក្នុង ប្រទេសអង់គ្លេស ក្នុងស្ថានការណ៍ដែលទំនាក់ទំនងរវាងបណ្ដាករណីឆ្លង និងការដើរហើរទៅកាន់ប្រទេសណាមួយដែលមានជំងឺនេះ នៅតែមិនទាន់ត្រូវបានគេដឹង» UKHSA ប្រកាសដូច្នេះ។
UKHSA ឱ្យដឹងថា ភាគច្រើននៃករណីឆ្លងនៅ អង់គ្លេស (១៣២ ករណី) ត្រូវបានរកឃើញនៅ ទីក្រុងឡុងដ៍ ក្នុងនោះ ១១១ ករណីគឺជាមនុស្សដែលស្ថិតក្នុងសហគមន៍ LGBTQ (អ្នកដែលមានភេទពិសេស/ស្រលាញ់ភេទដូចគ្នា)។ គិតមកដល់បច្ចុប្បន្ន UKHSA រកឃើញតែករណីឆ្លងដែលមានទំនាក់ទំនងជាមួយនឹងបណ្ដាក្លឹបរាត្រីសម្រាប់មនុស្សភេទទីបី បន្ទប់ឆ្ពុង (ស្ទីមសូណា) និងកម្មវិធីណាត់ជួបលើទូរស័ព្ទ នៅ អង់គ្លេស ក៏ដូចជានៅបរទេសប៉ុណ្ណោះ។
អង់គ្លេស កំពុងតែចាក់វ៉ាក់សាំង Imvanex របស់ក្រុមហ៊ុន Bavarian Nordic ដល់ក្រុមមនុស្សដែលបានប៉ះពាល់ទៅនឹងមនុស្សដែលត្រូវបានបញ្ជាក់ថា មានផ្ទុក ឬសង្ស័យថាមានផ្ទុកវីរុសអុតស្វា។
បច្ចុប្បន្ន ករណីឆ្លងជំងឺអុតស្វាបន្តកើនឡើងនៅខាងក្រៅ ទ្វីបអាហ្វ្រិក ដែលភាគច្រើននៅ អឺរ៉ុប។ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងប្រឹងប្រែងក្នុងការស្វែងរកមូលហេតុដែលនាំឱ្យមានការផ្ទុះឆ្លងរាលដាលជំងឺនេះ។
ជំងឺអុតស្វាត្រូវបានរកឃើញជាលើកដំបូងលើមនុស្សកាលពីឆ្នាំ ១៩៧០ នៅ ទ្វីបអាហ្វ្រិក ហើយចាប់ពីពេលនោះមក ករណីឆ្លងស្ទើរតែទាំងអស់ត្រូវបានរកឃើញនៅតំបន់ជនបទ និងព្រៃត្រូពិក។ ប៉ុន្មានទសវត្សរ៍កន្លងមក មានតែប៉ុន្មានករណីប៉ុណ្ណោះដែលត្រូវបានរកឃើញ។ ក្រោយមក ក្នុងឆ្នាំ ២០១៧ មានជាង ២,៨០០ ករណីត្រូវបានសង្ស័យថាបានឆ្លងជំងឺនេះ នៅក្នុងប្រទេសចំនួន ។ ឆ្នាំ ២០២០ ចំនួនករណីសង្ស័យឆ្លងជំងឺអុតស្វាបានកើនដល់ជាង ៦,៣០០ នាក់ ក្នុងនោះ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មានរហូតដល់ ៩៥%។ តួលេខនៃករណីសង្ស័យនេះ ក្រោយមកបានថយចុះមកនៅត្រឹមប្រហែល ៣,២០០ នាក់ ក្នុងឆ្នាំ ២០២១។
យោងតាម អង្គការសុខភាពពិភពលោក (WHO) ជំងឺអុតស្វា មិនងាយឆ្លងពីមនុស្សទៅមនុស្ស។ វីរុសនេះឆ្លងនៅពេលមនុស្សប៉ះពាល់គ្នាយូរជាមួយនឹងរបួស ធាតុរាវរបស់រាងកាយ តំណក់ទឹកផ្លូវដង្ហើម ឬសម្ភរដែលមានផ្ទុកវីរុស ដូចជា ភួយខ្នើយជាដើម។ អាការដំបូងនៃជំងឺអុតស្វា គឺ ក្ដៅខ្លួន ឈឺក្បាល ហើមកូនកណ្ដុរ ឈឺខ្នង និងសាច់ដុំ ក្រោយមកក៏ចេញពងមានខ្ទុះលើស្បែកនៅត្រង់មុខ ដៃ និងកន្លែងជាច្រើនទៀតរបស់រាងកាយ។ រោងសញ្ញាចាប់ផ្ដើមបង្ហាញខ្លួនក្នុងរង្វង់ពី ១ ទៅ ២ សប្ដាហ៍ រាប់ចាប់ពីពេលឆ្លងវីរុស។