កាលពីថ្ងៃទី ៣១ ឧសភា អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា វីរុសបង្កជំងឺអុតស្វាបានឆ្លងរាលដាលដល់ប្រទេសចំនួន ៣០ ក្នុងពិភពលោក ដោយមានអ្នកឆ្លងសរុបជាង ៥៥០ នាក់។
នៅចំពោះមុខក្រុមអ្នកកាសែត វេជ្ជបណ្ឌិត Rosamund Lewis អ្នកជំនាញខាងជំងឺអុតស្វានៅក្នុងកម្មវិធីបន្ទាន់របស់ WHO បានឱ្យដឹងថា «បច្ចុប្បន្ន មានករណីឆ្លងជំងឺអុតស្វាជាង ៥៥០ នាក់ ត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ៣០ ក្នុង ៤ តំបន់ ក្នុងចំណោម ៦ តំបន់របស់ WHO»។
លោកស្រី Lewis អះអាងថា ជំងឺអុតស្វាកំពុងតែផ្ទុះឆ្លងរាលដាលខ្លាំងក្នុងពេលតែមួយ ក្នុងរយៈពេលដ៏ខ្លួន។ នេះគឺជាប្រការដែលមិនធ្លាប់មានពីមុនមក។
វេជ្ជបណ្ឌិត Lewis ឱ្យដឹងថា នាបច្ចុប្បន្ន WHO មិនជឿថា ការផ្ទុះឆ្លងរាលដាលជំងឺអុតស្វានៅខាងក្រៅ ទ្វីបអាហ្វ្រិក នឹងនាំទៅរកជំងឺរាតត្បាតសកលឡើយ។ ពេលនេះ WHO កំពុងពិនិត្យមើលការផ្ទុះឆ្លងរាលដាល ដើម្បីឱ្យដឹងថា វាអាចក្លាយជាជំងឺអាសន្នរោគសកលដូចទៅនឹង កូវីដ-១៩ ឬ អេបូឡា ដែរ ឬយ៉ាងណា បន្ទាប់មកនឹងមានដំណោះស្រាយ ជួយជំរុញការស្រាវជ្រាវ និងគាំទ្រដល់ការប្រយុទ្ធប្រឆាំងជំងឺនេះ។
ជំងឺអុតស្វាត្រូវបានរកឃើញជាលើកដំបូងលើមនុស្សកាលពីឆ្នាំ ១៩៧០ នៅ ទ្វីបអាហ្វ្រិក ហើយចាប់ពីពេលនោះមក ករណីឆ្លងស្ទើរតែទាំងអស់ត្រូវបានរកឃើញនៅតំបន់ជនបទ និងព្រៃត្រូពិក។ ប៉ុន្មានទសវត្សរ៍កន្លងមក មានតែប៉ុន្មានករណីប៉ុណ្ណោះដែលត្រូវបានរកឃើញ។ ក្រោយមក ក្នុងឆ្នាំ ២០១៧ មានជាង ២,៨០០ ករណីត្រូវបានសង្ស័យថាបានឆ្លងជំងឺនេះ នៅក្នុងប្រទេសចំនួន ។ ឆ្នាំ ២០២០ ចំនួនករណីសង្ស័យឆ្លងជំងឺអុតស្វាបានកើនដល់ជាង ៦,៣០០ នាក់ ក្នុងនោះ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មានរហូតដល់ ៩៥%។ តួលេខនៃករណីសង្ស័យនេះ ក្រោយមកបានថយចុះមកនៅត្រឹមប្រហែល ៣,២០០ នាក់ ក្នុងឆ្នាំ ២០២១។
យោងតាម អង្គការសុខភាពពិភពលោក (WHO) ជំងឺអុតស្វា មិនងាយឆ្លងពីមនុស្សទៅមនុស្ស។ វីរុសនេះឆ្លងនៅពេលមនុស្សប៉ះពាល់គ្នាយូរជាមួយនឹងរបួស ធាតុរាវរបស់រាងកាយ តំណក់ទឹកផ្លូវដង្ហើម ឬសម្ភរដែលមានផ្ទុកវីរុស ដូចជា ភួយខ្នើយជាដើម។ អាការដំបូងនៃជំងឺអុតស្វា គឺ ក្ដៅខ្លួន ឈឺក្បាល ហើមកូនកណ្ដុរ ឈឺខ្នង និងសាច់ដុំ ក្រោយមកក៏ចេញពងមានខ្ទុះលើស្បែកនៅត្រង់មុខ ដៃ និងកន្លែងជាច្រើនទៀតរបស់រាងកាយ។ រោងសញ្ញាចាប់ផ្ដើមបង្ហាញខ្លួនក្នុងរង្វង់ពី ១ ទៅ ២ សប្ដាហ៍ រាប់ចាប់ពីពេលឆ្លងវីរុស។