ជំងឺអុតស្វា (monkeypox) បង្ក «ហានិភ័យបង្គួរ» ចំពោះសុខាភិបាលសាធារណៈនៅក្នុងពិភពលោក។ ប្រកាសនេះត្រូវបាន អង្គការសុខភាពពិភពលោក (WHO) លើកឡើងកាលពីថ្ងៃទី ២៩ ឧសភា ក្នុងគ្រាដែលករណីឆ្លងជំងឺនេះកើតមាននៅក្នុងបណ្ដាប្រទេសដែលមិនធ្លាប់កើតមានជំងឺនេះ។
WHO ឱ្យដឹងថា ហានិភ័យទាក់ទងនឹងសុខាភិបាលសាធារណៈអាចកើនឡើងខ្ពស់ បើសិនវីរុសបង្កជំងឺអុតស្វាក្លាយជាភ្នាក់ងារបង្ករោគ និងឆ្លងរាលដាលទៅក្នុងក្រុមមនុស្សដែលមានហានិភ័យកើតជំងឺធ្ងន់ធ្ងរដូចជា កុមារ ឬអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ។
យោងតាមស្ថិតិ គិតត្រឹមថ្ងៃទី ២៦ ឧសភា មានករណីឆ្លងជំងឺអុតស្វាចំនួន ២៥៧ នាក់ និងករណីសង្ស័យថាបានឆ្លងចំនួន ១២០ នាក់ ត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ២៣ ក្នុងនោះមានប្រទេសជាច្រើនដែលពីមុនមក មិនធ្លាប់កើតមានជំងឺនេះ។
មកដល់បច្ចុប្បន្ន មិនទាន់មានរបាយការណ៍ស្ដីពីករណីស្លាប់ដោយសារជំងឺអុតស្វានេះនៅឡើយ។ ប៉ុន្តែ អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា អាចនឹងមានករណីឆ្លងថ្មីជាច្រើនទៀត គ្រាដែលអង្គការនេះកំពុងតាមដាននៅតាមបណ្ដាប្រទេសដែលមាន និងមិនមានករណីឆ្លងជំងឺអុតស្វា។