ក្រុមអ្នកជំនាញផ្នែករោគឆ្លងនៅ អាហ្វ្រិកខាងត្បូង យល់ថា មិនចាំបាច់ធ្វើយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដើម្បីទប់ស្កាត់ជំងឺអុតស្វា (monkeypox) និងមិនជឿថា ជំងឺនេះអាចផ្ទុះឆ្លងរាលដាលដូចកូវីដ-១។
គិតត្រឹមថ្ងៃទី ២៥ ឧសភា ប្រទេសអាហ្វ្រិកខាងត្បូង មិនទាន់មានករណីវិជ្ជមាន ឬករណីសង្ស័យណាមួយនៅឡើយ ទាក់ទងនឹងជំងឺអុតស្វា។ ប៉ុន្តែ ក្រុមមន្ត្រីសុខាភិបាលរបស់ប្រទេសនេះ កំពុងតែមានការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីមនុស្សជាង ២០០ នាក់ បានឆ្លង និងសង្ស័យថាបានឆ្លងជំងឺនេះនៅក្នុងប្រទេសចំនួន ១៩ ក្នុងពិភពលោក ដែលភាគច្រើននៅ អឺរ៉ុប រាប់ចាប់ពីដើមខែឧសភានេះ។
វីរុសបំប្លែងខ្លួនថ្មីដែលបង្កជំងឺអុតស្វានៅក្នុងការផ្ទុះឆ្លងកន្លង ធ្លាប់បង្កអត្រានៃការស្លាប់ប្រហែល ១% ប៉ុន្តែ ក្នុងការផ្ទុះឆ្លងថ្មីនេះ មិនទាន់មានករណីស្លាប់នៅឡើយ។
កាលពីថ្ងៃទី ២៥ ឧសភា នាយកប្រតិបត្តិរបស់ វិទ្យាស្ថានស្រាវជ្រាវជំងឺឆ្លង (NICD) របស់ ប្រទេសអាហ្វ្រិកខាងត្បូង Adrian Puren បានអះអាងថា មកដល់បច្ចុប្បន្ន ការចាក់វ៉ាក់សាំងទូលំទូលាយដើម្បីទប់ស្កាត់ជំងឺអុតស្វា គឺជារឿងមិនចាំបាច់។ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការគួរផ្ដល់អាទិភាពឱ្យជំងឺដទៃ ដែលមានហានិភ័យឆ្លង និងស្លាប់ក្នុងអត្រាខ្ពស់។ ក៏ប៉ុន្តែ លោកបញ្ជាក់ថា ក្រុមមន្ត្រីសុខាភិបាលត្រូវតែមានការប្រុងប្រយ័ត្នចំពោះការផ្ទុះឆ្លងរបស់ជំងឺអុតស្វាលើកនេះ។
អ្នកជំនាញ Jacqueline Yeyer មកពី NICD ថ្លែងថា ការផ្ទុះឆ្លងជំងឺអុតស្វាលើកនេះមិនមានអ្វីខុសប្លែកពីធម្មតា ក្រៅតែពីទីតាំងផ្ទុះឆ្លង។ លោកស្រីឱ្យដឹងថា ការវិភាគហ្សែនវីរុសបង្កជំងឺអុតស្វាដែលផ្ទុះឆ្លងនាបច្ចុប្បន្ន ក៏បានបង្ហាញថា មិនមានអ្វីខុសពីវីរុសបង្កជំងឺអុតស្វាដែលបានផ្ទុះឆ្លងកាលពីប៉ុន្មានឆ្នាំកន្លងនៅ នីហ្សេរីយ៉ា។ ជំងឺអុតស្វាបច្ចុប្បន្ន ផ្ទុះឆ្លងនៅតំបន់ផ្សេងដែលមិនមែននៅ អាហ្វ្រិកខាងលិច និង អាហ្វ្រិកកណ្ដាល។
លោកស្រី Weyer ជឿថា វីរុសអុតស្វាមិនឆ្លងរាលដាលលឿនដូចទៅនឹងវីរុសកូវីដ-១៩ ហើយរលកនៃការឆ្លងជំងឺអុតស្វាលើកនេះអាចត្រូវបានគ្រប់គ្រងយ៉ាងឆាប់រហ័សតាមរយៈការធ្វើតេស្ត ការតាមរកអ្នកពាក់ព័ន្ធ ការតាមដានអាការ និងការធ្វើចត្តាឡីស័ក ជំនួសឱ្យការចាក់វ៉ាក់សាំង។
ចំណែកសាស្ត្រាចារ្យ Moritz Kraemer មកពីសាកលវិទ្យាល័យ Oxford (អង់គ្លេស) វិញ យល់ថា បច្ចុប្បន្នមិនទាន់មានទិន្នន័យគ្រប់គ្រាន់សម្រាប់ធ្វើការព្យាករចំពោះការឆ្លងរាលដាលរបស់ជំងឺនេះ។
យោងតាម អង្គការសុខភាពពិភពលោក (WHO) ជំងឺអុតស្វា មិនងាយឆ្លងពីមនុស្សទៅមនុស្ស។ វីរុសនេះឆ្លងនៅពេលមនុស្សប៉ះពាល់គ្នាយូរជាមួយនឹងរបួស ធាតុរាវរបស់រាងកាយ តំណក់ទឹកផ្លូវដង្ហើម ឬសម្ភរដែលមានផ្ទុកវីរុស ដូចជា ភួយខ្នើយជាដើម។ អាការដំបូងនៃជំងឺអុតស្វា គឺ ក្ដៅខ្លួន ឈឺក្បាល ហើមកូនកណ្ដុរ ឈឺខ្នង និងសាច់ដុំ ក្រោយមកក៏ចេញពងមានខ្ទុះលើស្បែកនៅត្រង់មុខ ដៃ និងកន្លែងជាច្រើនទៀតរបស់រាងកាយ។ រោងសញ្ញាចាប់ផ្ដើមបង្ហាញខ្លួនក្នុងរង្វង់ពី ១ ទៅ ២ សប្ដាហ៍ រាប់ចាប់ពីពេលឆ្លងវីរុស។