អង្គការសុខភាពពិភពលោក (WHO) បើកកិច្ចប្រជុំបន្ទាន់ដើម្បីពិភាក្សាអំពីរលកនៃការផ្ទុះឆ្លងជំងឺអុតចម្លែកម្យ៉ាងដែលហៅថា អុតស្វា (monkeypox) ក្នុងគ្រាដែលនៅ អឺរ៉ុប ករណីឆ្លងជំងឺនេះអាចឡើងដល់ជាង ១០០ នាក់ទៅហើយ។
កិច្ចប្រជុំខាងលើត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២០ ឧសភា ដោយក្រុមប្រឹក្សាយុទ្ធសាស្ត្រនិងបច្ចេកទេសស្ដីពីការគំរាមកំហែងក្នុងការឆ្លងរាលដាលដែលអាចក្លាយជាជំងឺរាតត្បាត ឬជំងឺរាតត្បាតសកល (STAG-IH) នៃ អង្គការសុខភាពពិភពលោក។
STAG-IH មានភារកិច្ចផ្ដល់យោបល់អំពីហានិភ័យនៃការឆ្លងរាលដាលដែលអាចប៉ះពាល់ដល់សុខភាពទូទាំងសកលលោក ប៉ុន្តែស្ថាប័ននេះមិនទទួលខុសត្រូវក្នុងការប្រកាសស្ថានការណ៍អាសន្នអំពីសុខភាពសាធារណៈនោះទេ។ ការប្រកាសស្ថានការណ៍អាសន្ន គឺជាស្ថានការណ៍អាសន្នកម្រិតខ្ពស់បំផុតរបស់ WHO ដែលបច្ចុប្បន្នត្រូវបានធ្វើឡើងចំពោះ កូវីដ-១៩។
«នៅក្នុងដំណាក់កាលនេះ ហានិភ័យទំនងជានៅទាបនៅឡើយ» មន្ត្រីជាន់ខ្ពស់មួយរូបរបស់ សហរដ្ឋអាម៉េរិក បានអះអាងដូច្នេះ ទាក់ទិននឹងជំងឺអុតស្វា (monkeypox)។
កិច្ចប្រជុំបន្ទាន់របស់ WHO នេះ កើតឡើងបន្ទាប់ពី អឺរ៉ុប សង្ស័យថា មានការឆ្លងជំងឺនេះជាង ១០០ ករណី ក្នុងប្រទេសចំនួន ៩ គឺ បែលហ្ស៊ិក បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ប៉ូឡូញ អេស្ប៉ាញ ស៊ុយអែត និង អង់គ្លេស។
ក្រៅពីតំបន់អឺរ៉ុប ជំងឺអុតស្វា នេះ ក៏ត្រូវបានគេរកឃើញមាននៅ សហរដ្ឋអាម៉េរិក កាណាដា និង អូស្ត្រាលី ផងដែរ។