ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា កោសិកាមួយចំនួនដែលមានផ្ទុកវីរុស SARS-CoV-២ បង្កជំងឺកូវីដ-១៩ ទំនងជាបាន «ផ្ទុះ»។ របកគំហើញនេះអាចជួយឱ្យអ្នកវិទ្យាសាស្ត្របង្កើតបាននូវវិធីសាស្ត្រព្យាបាលថ្មីប្រកបដោយប្រសិទ្ធភាពជាងបច្ចុប្បន្ន។
ប្រតិកម្ម «ផ្ទុះ» នៅលើកោសិកាងាប់ដែលមានឈ្មោះថា pyroptosis ត្រូវបានគេជឿថា ជាប់ទាក់ទងនឹងអាការរលាក និងកើតឡើងលើអ្នកជំងឺប្រហែល ៨ ករណី ក្នុងចំណោម ១០ ករណីដែលបានចូលពេទ្យព្យាបាលជំងឺកូវីដ-១៩។ បាតុភូតនេះអាចបកស្រាយអំពីវិធីដែលវីរុស SARS-CoV-២ បង្កឱ្យមានរបួសធ្ងន់ធ្ងរនៅលើសួត និងអវយវៈដទៃ។
ក្រុមអ្នកស្រាវជ្រាវរបស់ អង់គ្លេស រកឃើញថា នៅពេលប្រព័ន្ធការពាររាងកាយព្យាយាមកម្ចាត់វីរុស វាអាចបញ្ចេញម៉ូលេគុលដ៏គ្រោះថ្នាក់មួយប្រភេទទៅក្នុងឈាម បង្កជាបញ្ហារលាកត្រង់អវយវៈដែលងាយរងគ្រោះរបស់រាងកាយមនុស្ស។
បាតុភូតមួយដែលប្រហាក់ប្រហែលនឹងបាតុភូតដែលទើបត្រូវបានរកឃើញនេះ ត្រូវបានគេហៅថា «ព្យុះ cytokine» (កើតឡើងនៅពេលប្រព័ន្ធភាពស៊ាំបញ្ចេញប្រូតេអ៊ីនប្រឆាំងនឹងមេរោគច្រើនពេក ដែលហៅថា cytokine ហើយក្រោយមកវាយប្រហារត្រលប់មកលើជាលិកាល្អ) ត្រូវបានគេស្គាល់ថា បានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់រាងកាយ នៅពេលប្រតិកម្មទៅនឹងវីរុស SARS-CoV-២ ដែលបង្កជំងឺកូវីដ-១៩។
ក៏ប៉ុន្តែ របកគំហើញថ្មីស្ដីពីឥទ្ធិពលរបស់ pyroptosis ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់នេះ មានលទ្ធភាពបើកផ្លូវសម្រាប់ការបង្កើតវិធីសាស្ត្រព្យាបាលថ្មី នេះបើតាមវេជ្ជបណ្ឌិត Gautam Mehta មកពីមន្ទីរពេទ្យ Royal Free ក្នុងទីក្រុងឡុងដ៍។
Pyroptosis (មានន័យថា ការស្លាប់ដោយការឆេះរបស់កោសិកា) តែងត្រូវបានគេមើលឃើញនៅលើអ្នកជំងឺថ្លើមធ្ងន់ធ្ងរ។ បញ្ហាទាំងឡាយបានកើតឡើងនៅពេលមេរោគលេចធ្លាយពីពោះវៀន ហើយចូលទៅក្នុងថ្លើម។
…