ចំនួនកុមារអាយុចាប់ពី ៥ ដល់ ១១ ឆ្នាំ ដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវចូលពេទ្យដោយសារកូវីដ-១៩ ប្រភេទអូមីក្រុង នៅ សហរដ្ឋអាម៉រិក ចាប់ពីខែធ្នូ ២០២១ ដល់ខែកុម្ភៈ ២០២២ ច្រើនជាងទ្វេដង ធៀបនឹងកុមារអាយុស្របាលគ្នា ប៉ុន្តែបានចាក់វ៉ាក់សាំង។
ខាងលើនេះគឺជាលទ្ធផលនៃការស្រាវជ្រាវរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លង (CDC) របស់ សហរដ្ឋអាម៉េរិក ដែលទើបត្រូវបានប្រកាសនាពេលថ្មីៗនេះ។ ប្រកាសរបស់ CDC អាម៉េរិក បង្ហាញថា វ៉ាក់សាំងនៅតែជាកត្តាសំខាន់ជួយឱ្យកុមារជៀសវាងអាការធ្ងន់ធ្ងរ ត្រូវចូលពេទ្យ បើទោះជាប្រសិទ្ធភាពរបស់វ៉ាក់សាំងអាចថយចុះនៅចំពោះមុខ អូមីក្រុង។
ការស្រាវជ្រាវត្រូវបានធ្វើឡើងដោយយោងទៅលើទិន្នន័យពីបណ្ដាមន្ទីរពេទ្យនៅក្នុងរដ្ឋចំនួន ១៤ របស់ សហរដ្ឋអាម៉េរិក ដែលទទួលបន្ទុកថែទាំសុខភាពរបស់ ពលរដ្ឋអាម៉េរិក ប្រហែល ១០% ធៀបនឹងទូទាំងប្រទេស។ ការស្រាវជ្រាវបានផ្ដោតទៅលើកុមារ ៤០០ នាក់ អាយុចាប់ពី ៥ ដល់ ១១ ឆ្នាំ ដែលត្រូវចូលពេទ្យនៅក្នុងរលកនៃការរាតត្បាតរបស់ អូមីក្រុង កាលពីរដូវរងាកន្លង។
ក្រុមអ្នកជំនាញអះអាងថា កុមារអាយុពី ៥ ដល់ ១១ ឆ្នាំ ប្រហែល ៩០% ត្រូវចូលពេទ្យដោយសារ កូវីដ-១៩ នៅក្នុងអំឡុងពីខែធ្នូ ២០២១ ដល់ ចុងខែកុម្ភៈ ២០២២ គឺស្ថិតនៅក្នុងក្រុមដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១។ អត្រានេះខ្ពស់ជាង ២ ដង ធៀបនឹងកុមារដែលបានចាក់វ៉ាក់សាំង។
ចំពោះកុមារដែលវិជ្ជមាននឹងកូវីដ-១៩ បន្ទាប់ពីបានចាក់វ៉ាក់សាំង គឺពុំមានករណីណាមួយដែលត្រូវប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម នៅពេលចូលពេទ្យឡើយ៕