អ្នកជំងឺ​នៅ អង់គ្លេស វិជ្ជមាន​នឹង​កូ​វីដ-១៩ រហូតដល់ ៥០៥ ថ្ងៃជា​បន្តបន្ទាប់

ក្រុម​អ្នកវិទ្យាសាស្ត្រ​បានឱ្យដឹងថា អ្នកជំងឺ​ម្នា​ក់នៅ ប្រទេស​អង់គ្លេស មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​ខ្លាំង បាន​ឆ្លង​កូ​វីដ-១៩ ហើយ​វិជ្ជមាន​នឹង​វីរុស​នេះ​រហូតដល់​ជិត ១ ឆ្នាំកន្លះ។

យោងតាម AP បច្ចុប្បន្ន​គេ​មិនទាន់​ដឹង​ច្បាស់​ថា នេះ​ពិតជា​ករណី​វិជ្ជមាន​នឹង​កូ​វីដ-១៩ យូរ​ជាងគេ​ក្នុង​ពិភពលោក ឬ​​យ៉ាង​ណា​​នៅ​ឡើយ​ ព្រោះថា មិនមែន​គ្រប់គ្នា​សុទ្ធតែ​ត្រូវបាន​ធ្វើតេស្ត​ជា​បន្តបន្ទាប់​នោះទេ ពិសេស​គឺ​ការធ្វើ​តេស្ត​ជាប្រចាំ​ដូច​ករណីនេះ។ ប៉ុន្តែ វេជ្ជបណ្ឌិត Luke Blagdon Snell អ្នកឯកទេស​ផ្នែក​ជំងឺឆ្លង​នៅ Guy’s and St. Thomas ដែលជា​អង្គការ​ជាតិ​ទទួល​សិទ្ធិ​ផ្ដល់​សេវាកម្ម​សុខាភិបាល ពី ក្រសួងសុខាភិបាល​អង់​គ្លេ​ស នៅក្នុង​រយៈពេល ៥០៥ ថ្ងៃ នេះ​ប្រាកដជា​ករណី​វិជ្ជមាន​នឹង​កូ​វីដ-១៩ យូរ​ជាងគេ​បង្អស់​ក្នុង​ពិភពលោក។

ការរកឃើញ​ខាងលើនេះ​បាន​កើតឡើង​បន្ទាប់ពី​អ្នកវិទ្យាសាស្ត្រ​វិភាគ​ទៅលើ​ការប្រែប្រួល និង​សមត្ថភាព​របស់​បណ្ដា​វ៉ា​រ្យ៉​ង់​កូ​វីដ-១៩ ដែល​ស្ថិតក្នុង​រាងកាយ​អ្នកជំងឺ​ក្នុង​រយៈពេល​យូរ ដោយ​ការធ្វើ​តេស្ត PCR ជាប្រចាំ។ លទ្ធផល​បាន​បង្ហាញថា មាន​អ្នកជំងឺ​កូ​វីដ-១៩ ២ នាក់ ដែល​វិជ្ជមាន​ក្នុង​រយៈពេល​ជាង ១ ឆ្នាំ។ មុន​នោះ អ្នកវិទ្យាសាស្ត្រ​ក៏បាន​រកឃើញថា ករណី​វិជ្ជមាន​នឹង​កូ​វីដ-១៩ យូរ​ជាងគេ​បង្អស់​ក្នុង​ពិភពលោក​គឺ​ត្រឹម ៣៣៥ ថ្ងៃ​ប៉ុណ្ណោះ។

ក្រុម​អ្នកស្រាវជ្រាវ​របស់លោក Snell មាន​គម្រោង​ប្រកាស​អំពី​ករណី​អ្នកជំងឺ​មួយចំនួន​ដែល​វិជ្ជមាន​នឹង​កូ​វីដ-១៩ យូរ​ជាងគេ នៅក្នុង​កិច្ចប្រជុំ​អំពី​ជំងឺឆ្លង​នៅ ព័រ​ទុយ​ហ្គា​ល់ នា​ចុង​សប្ដាហ៍​នេះ។

Leave a Comment