១០ ថ្ងៃទៀត ទើបមន្ត្រីជំនាញរបស់ ក្រសួងសុខាភិបាល អាចវាយតម្លៃបានអំពីកម្រិតឆ្លងកូវីដ-១៩ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ នេះបើតាម សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ការអះអាងនេះត្រូវបានលើកឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផល នៃគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាព្រឹកថ្ងៃទី ២០ មេសា ២០២២។
ប្រមុខរដ្ឋាភិបាលកម្ពុជា លើកឡើងថា មិនអាចវាយតម្លៃថាល្អ ឬយ៉ាងណាបាននៅឡើយ បើទោះក្រោយពិធីចូលឆ្នាំនេះមិនទាន់មានហានិភ័យធ្ងន់ធ្ងរទាក់ទងនឹងការឆ្លងជំងឺកូវីដ-១។ សម្ដេចថា ត្រូវរង់ចាំមើលស្ថានភាពរហូតដល់ដំណាច់ខែមេសា។
សម្ដេចតេជោ បានឱ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋចាក់វ៉ាក់សាំងដូសទី ៣ បានជាង ៨ លាននាក់ ក្នុងចំណោមមនុស្សជាង ១៤ លាននាក់ និងដូសទី ៤ បានជាង ១ លាននាក់។ សម្ដេចក៏បានអំពាវនាវឱ្យប្រជាជនបន្តទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ឱ្យបានខ្លាំងក្លាថែមទៀត។