ទ្វីបអឺរ៉ុប រកឃើញករណីឆ្លងមេរោគ salmonella ចំនួន ១៥០ នាក់ ដែលត្រូវបានគេជឿថា ទាក់ទិននឹងបណ្ដាផលិតផលនំសូកូឡា Kinder ផលិតដោយរោងចក្រ Ferrero នៅ ប្រទេសបែលហ្ស៊ិក។
ក្នុងប្រកាសរួមមួយកាលពីថ្ងទី ១២ មេសា មជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺឆ្លងអឺរ៉ុប និងអាជ្ញាធរគ្រប់គ្រងសុវត្ថិភាពចំណីអាហារអឺរ៉ុប ឱ្យដឹងថា ករណីឆ្លងមេរោគ salmonella ភាគច្រើនគឺជាក្មេងអាយុក្រោម ១០ ឆ្នាំ ក្នុងនោះមានករណីជាច្រើនត្រូវចូលព្យាបាលនៅមន្ទីរពេទ្យ។
គិតមកដល់ថ្ងៃទី ៨ មេសា ស្ថាប័នមានសមត្ថកិច្ចបានរកឃើញករណីឆ្លង salmonella ចំនួន ១១៩ នាក់ និង ករណីសង្ស័យថាបានឆ្លងចំនួន ៣១ នាក់ នៅក្នុង ៩ ប្រទេស នៃតំបន់អឺរ៉ុប រួមមាន បែលហ្ស៊ិក, បារាំង, អាល្លឺម៉ង់, អៀឡង់, លុចសំបួ, ហូឡង់, ន័រវែស, អេស្ប៉ាញ, ស៊ុយអែត និង អង់គ្លេស។
ស្ថាប័នខាងលើបានឱ្យដឹងថា បានរកឃើញមេរោគ salmonella ក្នុងផលិតផលនំសូកូឡា Kinder ដែលផលិតដោយរោងចក្រ Ferrero នៅទីរួមស្រុក Arlon នៃ ប្រទេសបែលហ្ស៊ិក និងបានអំពាវនាវឱ្យបណ្ដាប្រទេស បន្តតាមដាន ព្រោះថា ករណីឆ្លងមេរោគនេះអាចនឹងមានការកើនឡើងបន្ថែមទៀត។
កាលពីសប្ដាហ៍កន្លង ក្រុមហ៊ុនផលិតនំស្ករគ្រាប់ Ferrero របស់ អ៊ីតាលី បានបង្ខំចិត្តបិទទ្វារនៅ ប្រទេសបែលហ្ស៊ិក និងប្រមូលមកវិញនូវផលិតផលដែលបានដាក់លក់នៅ សហរដ្ឋអាម៉េរិក, អង់គ្លេស និងប្រទេសមួយចំនួននៅ អឺរ៉ុប។
ក្រុមហ៊ុន Ferrero បានទទួលស្គាល់ថា មានកំហុសឆ្គងក្នុងការផលិត និងបានផ្ញើការសុំអភ័យទោសដល់អតិថិជន ទាក់ទងនឹងបញ្ហាឆ្លងមេរោគ salmonella នៅលើផលិតផលនំសូកូឡា Kinder។
មេរោគ salmonella អាចបង្កឱ្យមានអាការរាករូស ក្ដៅខ្លួន និងឈឺក្រពះនៅលើមនុស្ស។ នេះគឺជាប្រភេទមេរោគដែលឆ្លងច្រើនជាគេមួយនៅលើចំណីអាហារ៕