អាជ្ញាធរអេស្ប៉ាញ អនុញ្ញាតឱ្យអ្នកកំពុងវិជ្ជមាននឹង វីរុស SARS-CoV-2 (កូវីដ-១៩) ដែលមានរោគសញ្ញាស្រាល មិនចាំបាច់ធ្វើចត្តាឡីស័កនៅផ្ទះ ឬធ្វើតេស្តរកវីរុស នៅពេលប្រទេសនេះចាត់ទុក កូវីដ-១៩ ជាជំងឺធម្មតាដូចផ្ដាសាយ។
ចាប់ពីថ្ងៃនេះ អាជ្ញាធរអេស្ប៉ាញ កំណត់ អនុញ្ញាតឱ្យអ្នកឆ្លងកូវីដ-១៩ ដែលមានអាការរោគស្រាល ឬមិនមានរោគសញ្ញា អាចរស់នៅ ប្រកបមុខរបររកស៊ី ដូចធម្មតា។ ការធ្វើតេស្ត ឬការធ្វើចត្តាឡីស័កនៅផ្ទះ បន្ទាប់ពីឆ្លង កូវីដ-១៩ លែងជាបញ្ហាដែលត្រូវតែអនុវត្តដូចមុនទៀតហើយ។
អ្នកដែលត្រូវធ្វើតេស្ត ឬធ្វើចត្តាឡីស័ក គឺជាក្រុមមនុស្សដែលមានហានិភ័យខ្ពស់ រួមមាន មនុស្សវ័យចាប់ពី ៦០ ឆ្នាំ និងអ្នកមានអង្គបដិប្រាណថយចុះ ក៏ដូចជាស្ត្រីមានផ្ទៃពោះ និងបុគ្គលិកសុខាភិបាល។
ដូច្នេះ នៅ ប្រទេសអេស្ប៉ាញ វិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ នៅសល់តែមួយគត់ គឺពាក់ម៉ាសនៅក្នុងអគារសាធារណៈ អគារ ឬសាលដែលមានមនុស្សច្រើន និងនៅក្នុងរថយន្តក្រុង រថភ្លើង និងយន្តហោះ៕