ការសិក្សាស្រាវជ្រាវថ្មីមួយដែលត្រូវបានធ្វើឡើងនៅទីក្រុងហុងកុង (ប្រទេសចិន) បានបង្ហាញថា កុមារដែលឆ្លង BA.២ ជាវីរុសបំប្លែងខ្លួនថ្មីដែលអាច «បំបាំងកាយ» របស់ វ៉ារ្យ៉ង់ អូមីក្រុង នៃ វីរុសកូវីដ-១៩ មានលទ្ធភាពធ្វើឱ្យអាការរោគរបស់អ្នកជំងឺ ប្រែជាធ្ងន់ធ្ងរជាង បើធៀបនឹង វីរុសបំប្លែងខ្លួនដទៃ ឬធៀបនឹងជំងឺរលាកសួត និងជំងឺផ្ដាសាយ។
លទ្ធផលនៃការស្រាវជ្រាវនេះត្រូវបានចាត់ទុកថា ជារបកគំហើញបឋម ព្រោះមិនទាន់ត្រូវបានផ្ទៀតផ្ទាត់ត្រឹមត្រូវដោយអ្នកវិទ្យាសាស្ត្រខាងក្រៅប្រទេសចិន ឬចុះផ្សាយនៅលើទស្សនាវដ្ដីវេជ្ជសាស្ត្រ ក៏ដូចជាមិនទាន់មានការសិក្សាស្រាវជ្រាវផ្សេងបញ្ជាក់បន្ថែម។
វេជ្ជបណ្ឌិត Beth Thielen នៅសាកលវិទ្យាល័យ Minnesota សហរដ្ឋអាម៉េរិក យល់ថា លទ្ធផលនៃការស្រាវជ្រាវនៅ ហុងកុង នេះ ឱ្យយើងដឹងអំពីផលប៉ះពាល់ដំបូងរបស់ វ៉ារ្យ៉ង់ BA.២ និងបញ្ជាក់អំពីសារសំខាន់នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
ការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រនៅ សាកលវិទ្យាល័យហុងកុង ត្រូវបានធ្វើឡើងដោយការប្រៀបធៀបអត្រានៃការចូលពេទ្យរបស់កុមារ ដោយសារ BA.២ ជាមួយនឹងបណ្ដា វីរុសបំប្លែងខ្លួនដទៃ ក្នុងអំឡុងពេលពី ខែមករា ២០២០ ដល់ខែ វិច្ឆិកា ២០២១៕