ក្នុងស្ថានភាពដែលតួលេខនៃករណីឆ្លង កូវីដ-១៩ ប្រភេទ អូមីក្រុង កំពុងថយចុះគួរឱ្យចាប់អារម្មណ៍ សាធារណមតិលើកឡើងថា «ពេលណាទើបមនុស្សលោកអាចឈប់ពាក់ម៉ាសបាន?»។
ទាក់ទងនឹងបញ្ហាខាងលើ ក្រុមអ្នកវិទ្យាសាស្ត្រអាម៉េរិក បានធ្វើការស្រាវជ្រាវ វាយតម្លៃអំពីផលប្រយោជន៍នៃការពាក់ម៉ាស ក្នុងស្ថានការណ៍ដែលប្រជាជនពី ៧០ ទៅ ៩០% របស់ប្រទេសនេះ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១។
ពួកគេយល់ថា លទ្ធផលនៃការស្រាវជ្រាវនេះក៏អាចអនុវត្តបានចំពោះបណ្ដាប្រទេស ដើម្បីអាចគណនារកពេលវេលាសមស្របក្នុងការលើកទឹកចិត្តឱ្យប្រជាជនពាក់ម៉ាសដើម្បីទប់ស្កាត់ជំងឺឆ្លង។
លទ្ធផលនៃការស្រាវជ្រាវថ្មីនេះរបស់ អាម៉េរិក ដែលត្រូវបានចុះផ្សាយលើទស្សនាវដ្ដី The Lancet Public Health កាលពីថ្ងៃទី ៨ មីនា បានអះអាងថា ការពាក់ម៉ាស អាចជួយកាត់បន្ថយការឆ្លង កូវីដ-១៩ ប៉ុន្តែ កម្រិតនៃប្រសិទ្ធភាពរបស់វានៅក្នុងតំបន់ដែលមានអត្រានៃការចាក់វ៉ាក់សាំងខ្ពស់-ទាបខុសគ្នា មិនទាន់ត្រូវបានដឹងច្បាស់នៅឡើយ។
ការស្រាវជ្រាវត្រូវបានធ្វើឡើងដោយពិនិត្យលើស្ថានភាពនៅ អាម៉េរិក និង ឥណ្ឌា។ បច្ចុប្បន្ន ប្រជាជនអាម៉េរិក ប្រហែល ៦៥% និង ឥណ្ឌា ប្រហែល ៦០% (ក្នុងនោះមានមនុស្សពេញវ័យជាង ៨២%) បានចាក់វ៉ាក់សាំងពេញលេញ គិតត្រឹមថ្ងៃទី ៦ មីនា។ អាជ្ញាធរសុខាភិបាលឥណ្ឌា នៅតែអំពាវនាវឱ្យប្រជាជជនបន្តពាក់ម៉ាសនៅកន្លែងមានមនុស្សច្រើន។ ក្នុងថ្ងៃទី ៨ មីនា ឥណ្ឌា បានរកឃើញអ្នកវិជ្ជមាននឹងកូវីដ-១៩ ចំនួន ៣,៩៩៣ នាក់ ជាតួលេខប្រចាំថ្ងៃទាបបំផុតចាប់តាំងពីខែឧសភា ២០២០។
ចំណែកនៅ សហរដ្ឋអាម៉េរិក វិញ ក្រុមអ្នកវិទ្យាសាស្ត្រយល់ថា ប្រជាជនអាម៉េរិក ប្រហែល ៩៣% រស់នៅក្នុងបណ្ដាតំបន់ដែលមានអត្រាឆ្លងកូវីដ-១៩ ទាបល្មមដែលអាចអនុញ្ញាតឱ្យពួកគេដោះម៉ាសបាននៅក្នុងបរិយាកាសបិទជិត។
យោងតាមការស្រាវជ្រាវខាងលើ បើសិនជា សហរដ្ឋអាម៉េរិក ចាក់វ៉ាក់សាំងបង្ការ កូវីដ-១៩ បាន ៩០% នៃប្រជាជនសរុប នៅថ្ងៃទី ១ ឧសភាខាងមុខ នោះការពាក់ម៉ាសនឹងជួយទប់ស្កាត់ការករណីឆ្លងវីរុសបាន ៦.២៩ លាននាក់, អ្នកជំងឺត្រូវចូលពេទ្យចំនួន ១៣៦,៧០០ នាក់ និងអ្នកស្លាប់ ១៦,០០០ នាក់។ ចំណែកក្នុងករណីអត្រាចាក់វ៉ាក់សាំងបាន ៨០% នៅថ្ងៃទី ១ ឧសភា នោះការពាក់ម៉ាស នឹងទប់ស្កាត់ករណីឆ្លងវីរុសបាន ៧.៦៦ លាននាក់, ករណីចូលពេទ្យ ១៧៤,៩០០ នាក់ និងស្លាប់ ២០,៥០០ នាក់។
លោក Peter Hotez វេជ្ជបណ្ឌិតផ្នែកកុមារ និងវីរុសសាស្ត្រនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Baylor (សហរដ្ឋអាម៉េរិក) ដែលជាសហការីមួយរូប នៃការសិក្សាស្រាវជ្រាវខាងលើ បានឱ្យដឹងថា៖ «របកគំហើញរបស់យើងបានបង្ហាញ «ពន្លឺខ្លះ» ដែលបញ្ជាក់ថា ការពាក់ម៉ាសមិនចាំបាច់ត្រូវរក្សាជារៀងរហូតនោះទេ ប៉ុន្តែ នេះនឹងនៅតែជាឧបករណ៍សំខាន់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលរបស់ កូវីដ-១៩ នៅពេលវាឈានចូលដល់ដំណាក់កាលបន្ទាប់របស់ជំងឺរាតត្បាតសកល»។
បើទោះជាការកើនឡើងនៃតួលេខអ្នកឆ្លង កូវីដ-១៩ ដោយសារ វ៉ារ្យ៉ង់ អូមីក្រុង កំពុងថយចុះនៅទូទាំងសកលលោកក៏ដោយ ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ត្រឱ្យដឹងថា វីរុស SARS-CoV-2 នៅតែមានហានិភ័យបំប្លែងខ្លួនថ្មី៕