អ្នកដែលវិជ្ជមាននឹង កូវីដ-១៩ កុំព្យាយាមព្យាបាលនៅផ្ទះ នៅពេលមានរោគសញ្ញា ថប់ៗ ហត់ ឬពិបាកដកដង្ហើម ឬមួយស្ថានភាពជំងឺមិនបានប្រសើរឡើង បន្ទាប់ពីបានព្យាបាលនៅផ្ទះអស់មួយរយៈពេល។ នេះបើតាមការណែនាំរបស់ ក្រសួងសុខាភិបាលកម្ពុជា។
ក្នុងសេចក្ដីណែនាំ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ក្រសួងសុខាភិបាល បានណែនាំបន្ថែមអំពីការពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការ ទប់ស្កាត់ការឆ្លងរាលដាល វីរុសកូវីដ-១៩ ក្នុងសហគមន៍។ ក្រសួងសុខាភិបាលបញ្ជាក់ថា មិនត្រូវមើលរំលងពីលទ្ធភាពនៃការវាយលុករបស់ វីរុស ដែលអាចធ្វើឱ្យមានការស្លាប់បាន ទោះបីជាមានការស្រាវជ្រាវបែបវិទ្យាសាស្ត្រជាច្រើនបានបង្ហាញថា អូមីក្រុង បង្កអាការរោគ ស្រាល។
កូវីដ-១៩ ប្រភេទអូមីក្រុង ក៏អាចបង្កអាការធ្ងន់ធ្ងរ ដូចជា ហត់ ឬពិបាកដកដង្ហើម ជាដើម ដែលចាំបាច់ត្រូវស្វែងរកការព្យាបាលនៅមន្ទីរពេទ្យឱ្យបានទាន់ពេល។ «សូមកុំព្យាយាមព្យាបាលនៅផ្ទះ នៅពេលមានរោគសញ្ញា ដូចជា ថប់ៗ ហត់ ឬពិបាកដកដង្ហើម ឬមិនមានការវិវត្តប្រសើរឡើងនៃស្ថានភាពសុខភាព ក្រោយពីព្យាបាលនៅផ្ទះបានមួយរយៈពេល» ក្រសួងបានបញ្ជាក់ដូច្នេះ។