រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចបង្កើនសកម្មភាព និងគោលដៅ នៅក្នុងការផ្ដល់ថ្នាំព្យាបាលនៅតាមផ្ទះ សម្រាប់ អ្នកជំងឺកូវីដ-១៩ ក្នុងគ្រាដែលតួលេខអ្នកឆ្លង អូមីក្រុង សរុប នៅប្រទេសនេះ បានកើនឡើងដល់ជាង ២ លាននាក់ គិតត្រឹមថ្ងៃទី ២០ កុម្ភៈ ពោលគឺរយៈពេលតែ ២ សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីតួលេខនេះបានឡើងដល់ ១ លាននាក់។
រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចបង្កើនការផ្ដល់ថ្នាំព្យាបាលនៅតាមផ្ទះ ចាប់ពីថ្ងៃទី ២១ កុម្ភៈ ចំពោះអ្នកជំងឺកូវីដ-១៩ ដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានជំងឺប្រចាំកាយ អាយុចាប់ពី ៤០ ឆ្នាំឡើងទៅ (មុននេះ ចាប់ពី ៦០ ឆ្នាំឡើងទៅ)។
ក្រុមមន្ត្រីឱ្យដឹងថា រដ្ឋាភិបាលកំពុងប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹង កូវីដ-១៩ ដើម្បីធានាឱ្យបានប្រាកដថា មុខ ងារសំខាន់ៗក្នុងសង្គម នៅតែដំណើរការបានរលូត បើទោះជាតួលេខនៃការឆ្លងថ្មី កើនឡើងខ្ពស់។
គិតត្រឹមថ្ងៃទី ២០ កុម្ភៈ កូរ៉េខាងត្បូង មានប្រជាជនចំនួន ៣០.៤៦ លាននាក់ ស្មើនឹង ៥៩.៤% ក្នុងចំណោមប្រជាជនសរុប ៥២ លាននាក់ បានទទួលការចាក់វ៉ាក់សាំងដូសជំរុញរួចហើយ។ ចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងពេញលេញ មាន ៤៤.៣០ លាននាក់ ស្មើនឹង ៨៦.៣% ធៀបនឹងចំនួនប្រជាជនសរុប៕