តំណាងរបស់អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ទ្វីបអាហ្វ្រិក កំពុងឈានទៅរកការចាកចេញផុតពីជំងឺរាតត្បាតសកល និងឆ្ពោះទៅកាន់ដំណាក់កាលគ្រប់គ្រង កូវីដ-១៩ យូរអង្វែង។
យោងតាមសារព័ត៌មានអង់គ្លេស The Guardian វេជ្ជបណ្ឌិត Matshidiso Moeti ប្រធានអង្គការសុខភាពពិភពលោកប្រចាំ ទ្វីបអាហ្វ្រិក អះអាងថា៖ «ជំងឺរាតត្បាតសកល កំពុងងាកទៅរកដំណាក់កាលមួយផ្សេងទៀត។ យើងជឿថា ទ្វីបអាហ្វ្រិក កំពុងឆ្ពោះទៅកាន់ដំណាក់កាលរស់នៅជាមួយ កូវីដ-១៩ ដូចទៅនឹងជំងឺរាតត្បាតអសកល ពិសេសនៅពេលអត្រានៃការចាក់វ៉ាក់សាំងកំពុងកើនឡើងជាលំដាប់»។
លោកស្រី Moeti ឱ្យដឹងថា សមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលថ្មីរបស់ ទ្វីបអាហ្វ្រិក បានមានប្រសិទ្ធភាពជាងមុន។ ជាក់ស្ដែង ទ្វីបអាហ្វ្រិក បានចំណាយពេល ២៩ សប្ដាហ៍ដើម្បីអាចគ្រប់គ្រងរលកនៃការឆ្លងដំបូង ប៉ុន្តែ បច្ចុប្បន្ន រយៈពេលនេះបានថយចុះមកនៅត្រឹម ៦ សប្ដាហ៍ប៉ុណ្ណោះ ក្នុងរលកនៃការឆ្លងទី ។
ទោះជាយ៉ាងនេះក៏ដោយ លោកស្រី Moeti សង្កត់ធ្ងន់ថា មកដល់ពេលនេះ ប្រជាជនអាហ្វ្រិកប្រមាណ ១១% ប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំង។ លោកស្រីបង្ហើបឱ្យដឹងថា តួលេខអ្នកឆ្លង កូវីដ-១៩ នៅ អាហ្វ្រិក អាចខ្ពស់ជាង ៧ ដង ធៀបនឹងទិន្នន័យផ្លូវការ ចំណែកតួលេខអ្នកស្លាប់ដោយសារជំងឺនេះ អាចខ្ពស់ជាងប្រហែលពី ២ ដល់ ៣ ដង។ មូលហេតុនៃបញ្ហានេះ ត្រូវបានលោកស្រី Moeti បកស្រាយថា គឺដោយសារប្រព័ន្ធគ្រប់គ្រងករណីឆ្លងកំពុងជួបបញ្ហា ការធ្វើតេស្តនៅមានកម្រិត ធ្វើឱ្យការវាយតម្លៃមិនមានសុក្រឹតភាព។
ទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins ឱ្យដឹងថា គិតត្រឹមថ្ងៃទី ១០ កុម្ភៈ ទ្វីបអាហ្វ្រិក បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួនជាង ១១ លាននាក់ ក្នុងនោះមាន ២៥០,០០០ នាក់ បានស្លាប់។ បើសិនជាការគណនារបស់ WHO គឺជារឿងពិត នោះតួលេខនៃករណីឆ្លងសរុបអាចឡើងដល់ជិត ៧០ លាននាក់ និងស្លាប់ជិត ៧៥០,០០០ នាក់៕