ប្រភពព័ត៌មានពី រដ្ឋធានីហ្សាការតា កាលពីថ្ងៃទី ៩ កុម្ភៈ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក ប៊ូឌី ហ្គាណាឌី សាឌីគីន (Budi Gunadi Sadikin) បញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Merah Putih ដែលអភិវឌ្ឍដោយប្រទេសនេះ នឹងត្រូវបានប្រើប្រាស់ជាដូសជំរុញ និងសម្រាប់កុមារអាយុពី ៣ ដល់ ៦ ឆ្នាំ។
ថ្លែងក្នុងពិធីបើកដំណើរការពិសោធវ៉ាក់សាំង Merah Putih នៅលើមនុស្ស នៅឯមន្ទីរពេទ្យមួយក្នុង ខេត្តជ្វា (ចាវ៉ា/Java) ខាងកើត លោករដ្ឋមន្ត្រី ប៊ូឌី ឱ្យដឹងថា បច្ចុប្បន្នមានវ៉ាក់សាំងជាច្រើនប្រភេទដែលអាចប្រើប្រាស់សម្រាប់ក្មេងតូច ក្រៅពី Sinovac និង Pfizer។
លោក Budi បញ្ជាក់ថា រដ្ឋាភិបាលនឹងពិនិត្យលទ្ធភាពក្នុងការផ្ដល់ជំនួយជាវ៉ាក់សាំង Merah Putih ដល់ប្រទេសមួយចំនួន ក្នុងនោះមានបណ្ដាប្រទេសនៅ ទ្វីបអាហ្វ្រិក ផងដែរ។
យោងតាមរដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ី ការចែករំលែកវ៉ាក់សាំងនៅ ទ្វីបអាហ្វ្រិក កំពុងមានល្បឿនយឺត ក្នុងនោះ វ៉ាក់សាំងមួយចំនួន ដូចជា Moderna និង Pfizer ជាដើម ត្រូវការការដឹកជញ្ជូន និងការរក្សាទុកយ៉ាងស្មុគស្មាញ ដោយសារតែវាត្រូវការស្ថិតក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង ចាប់ពី -២៥ ដល់ -២៨ អង្សាសេ៕