អង្គការសុខភាពពិភពលោក (WHO) ឱ្យដឹងថា វ៉ារ្យ៉ង់ បន្ទាប់របស់ កូវីដ-១៩ អាចឆ្លងរាលដាលលឿនជាង អូមីក្រុង ប៉ុន្តែ មិនទាន់ដឹងថា វានឹងអាចបង្កគ្រោះថ្នាក់ធ្ងន់ជាងប្រភេទបច្ចុប្បន្ន ឬយ៉ាងណានៅឡើយ។
«យើងមានការព្រួយបារម្ភចំពោះ វ៉ារ្យ៉ង់ បន្ទាប់ ដែលអាចងាយឆ្លងជាង ព្រោះតែវាត្រូវឆ្លងកាត់បណ្ដា វ៉ារ្យ៉ង់ ដែលកំពុងមានបច្ចុប្បន្ន។ សំណួរធំបំផុតនោះគឺថា តើ វ៉ារ្យ៉ង់ ក្នុងអនាគតអាចបង្កជំងឺធ្ងន់ធ្ងរដែរ ឬទេ» Maria Van Kerkhove ប្រធានក្រុមបច្ចេកទេសរបស់ WHO លើកឡើងដូច្នេះកាលពីថ្ងៃទី ២៥ មករា។
អ្នកវិជ្ជមាននឹង កូវីដ-១៩ ប្រហែល ២១ លានករណី នៅទូទាំងពិភពលោក ត្រូវបានរាយការណ៍ដល់ WHO កាលពីសប្ដាហ៍មុន ដែលតួលេខនេះកើនឡើងខ្ពស់បំផុតនៅក្នុងរបាយការណ៍ប្រចាំសប្ដាហ៍កាលពីពេលកន្លង ដោយសារតែ អូមីក្រុង។
អូមីក្រុង ទំនងជាមិនសាហាវជាងបណ្ដា វ៉ារ្យ៉ង់ មុនៗ ប៉ុន្តែ ការឆ្លងរាលដាលលឿនរបស់វា នាំឱ្យប្រព័ន្ធសុខាភិបាលត្រូវរងសម្ពាធធ្ងន់។
Kerkhove បានព្រមានថា គ្រប់គ្នាមិនគួរជឿជាក់ទាំងស្រុងទៅលើសម្មតិកម្មដែលថា វីរុសនឹងបន្តវិវត្តទៅជា ប្រភេទខ្សោយជាងបច្ចុប្បន្ន និងមិនបង្កអាការធ្ងន់ធ្ងរជាងបច្ចុប្បន្ននោះឡើយ។
ចំណែកប្រធានកម្មវិធីបន្ទាន់របស់ WHO វិញ ឱ្យដឹងថា វីរុសនឹងបន្តរីកចម្រើនមុនពេលស្ងប់ស្ងាត់។ លោកសង្ឃឹមថា វីរុសនឹងវិវត្តទៅជាខ្សោយ ដោយការឆ្លងរាលដាលអាចនឹងមានល្បឿនយឺតមកវិញ ហើយអាចក្លាយជាវីរុសដែលឆ្លងតាមរដូវ ឬអាចត្រឹមតែប៉ះពាល់ដល់ក្រុមដែលងាយរងគ្រោះ។
ក៏ប៉ុន្តែ បញ្ហា កូវីដ-១៩ គឺមិនអាចស្មានបានឡើយ។ ជាក់ស្ដែង វីរុសបាននាំមកនូវការភ្ជាក់ផ្អើលជាច្រើនដែលបង្កការលំបាកដល់មនុស្ស។ នេះបើតាមវេជ្ជបណ្ឌិត Mike Ryan៕