អ្នកចម្រៀងជនជាតិឆែកម្នាក់ដែលប្រឆាំងនឹងវ៉ាក់សាំង បានបាត់បង់ជីវិត បន្ទាប់ពីវិជ្ជមាននឹងកូវីដ-១៩ ដោយចេតនា ដើម្បីបានប័ណ្ណបៃតងដែលអាចឱ្យគាត់ចូលទៅកន្លែងសូណា និងសាលមហោស្រព។
អ្នកស្រី Hana Horka ដែលជាតារាចម្រៀងមួយរូបរបស់ក្រុមចម្រៀង Asonance បានស្លាប់នៅក្នុងវ័យ ៥៧ ឆ្នាំ កាលពីថ្ងៃទី ១៦ មករា។ Jan Rek ដែលជាកូនប្រុសរបស់ Horka បានឱ្យដឹងថា ម្ដាយរបស់គាត់មានចេតនាធ្វើឱ្យឆ្លងវីរុសកូវីដ-១៩ ដើម្បីទទួលបានប័ណ្ណបៃតងដែលផ្ដល់ជូនដល់អ្នកទាំងឡាយណាដែលបានចាក់វ៉ាក់សាំងពេញលេញ ឬទើបតែជាពីជំងឺកូវីដ។
ស្វាមី និងកូនរបស់ Horka បានឆ្លងកូវីដ កាលពីមុនបុណ្យណូអែល ប៉ុន្តែ ពួកគេបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដរួចរាល់ ខណៈដែលអ្នកស្រី Horka មិនព្រមចាក់។ «គាត់បន្តរស់នៅជាធម្មតាជាមួយពួកយើង និងចង់ឆ្លងជំងឺនេះជាជាងការចាក់វ៉ាក់សាំងទៅទៀត» Rek និយាយដូច្នេះ។
មុនពេលស្លាប់ ២ ថ្ងៃ Horka បានបង្ហោះសារនៅលើ Facebook ថា៖ «ខ្ញុំនៅមានជីវិត ពិតជាខ្លាំងក្លា។ ដូច្នេះ ខ្ញុំនឹងទៅកាន់មហោស្រព បន្ទប់សូណា ចូលរួមការប្រគំតន្ត្រី និងទៅលេងសមុទ្រ»។
Rek និយាយថា ចលនាប្រឆាំងវ៉ាក់សាំងនៅក្នុងតំបន់ បានសម្លាប់ម្ដាយគាត់ ដោយសារតែពួកគេបានបញ្ចុះបញ្ចូលឱ្យម្ដាយគាត់ មិនទទួលយកការចាក់វ៉ាក់សាំង។
«ម្ដាយខ្ញុំបានបាត់បង់ជីវិត មិនមែនត្រឹមតែដោយសារតែព័ត៌មានមិនពិត ប៉ុន្តែក៏ដោយសារគាត់ជឿទៅលើសមត្ថភាពរបស់ប្រព័ន្ធភាពស៊ាំធម្មជាតិរបស់រាងកាយដែលកើតមានបន្ទាប់ពីបានឆ្លងកូវីដ» Rek បញ្ជាក់បន្ថែម។
ប្រទេសឆែក ស្នើឱ្យប្រជាជនបង្ហាញប័ណ្ណបៃតងដែលបញ្ជាក់ថា បានចាក់វ៉ាក់សាំង ឬទើបជាពីជំងឺកូវីដ ដើម្បីអាចចូលទីតាំងនានា ក្នុងគ្រាដែលតួលេខនៃករណីឆ្លង កំពុងតែកើនឡើង។
ប្រជាជនប្រហែល ៦៤% នៅ ប្រទេសឆែក បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ យ៉ាងតិច ១ ដូស និង ៦៣% បានចាក់ពេញលេញ។ ប្រទេសដែលមានប្រជាជនជាង ១០.៧ លាននាក់នេះ រកឃើញអ្នកវិជ្ជមានថ្មីចំនួនជាង ២៨,០០០ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លង ធ្វើឱ្យតួលេខសរុបនៃអ្នកបានឆ្លងកូវីដ-១៩ ឡើងដល់ជាង ២.៦ លាននាក់ ក្នុងនោះមានជិត ៣៧,០០០ នាក់ បានស្លាប់៕