រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ ឥណ្ឌូណេស៊ី ឱ្យដឹងថា ប្រទេសនេះប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តែពាក់កណ្ដាលដូសប៉ុណ្ណោះ សម្រាប់ជាដូសជំរុញ ដើម្បីធានាសុវត្ថិភាពដល់ប្រជាជន។
លោក Budi Gunadi Sadikin រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ ប្រទេសឥណ្ឌូណេស៊ី ថ្លែងថា សហរដ្ឋអាម៉េរិក បានធ្វើការពិសោធ ស្រាវជ្រាវ និងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ដោយប្រើប្រាស់វ៉ាក់សាំង Moderna តែពាក់កណ្ដាលដូសប៉ុណ្ណោះ។ លោកបកស្រាយថា៖ «វ៉ាក់សាំង Moderna មានអត្រាផលវិបាកខ្ពស់ ដូច្នេះ យើងយល់ថា ការចាក់វ៉ាក់សាំងដូសជំរុញតែពាក់កណ្ដាលដូសនេះនឹងមានសុវត្ថិភាពខ្ពស់ជាង»។
លោករដ្ឋមន្ត្រីបន្ថែមថា ការសម្រេចនេះក៏យោងទៅតាមអនុសាសន៍របស់ក្រុមប្រឹក្សាផ្នែកបច្ចេកទេសចាក់វ៉ាក់សាំងឥណ្ឌូណេស៊ី (ITAGI) និងក្រុមសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Padjadjaran និងសាកលវិទ្យាល័យឥណ្ឌូណេស៊ី ហើយអនុសាសន៍នេះក៏ត្រូវបានយល់ព្រមដោយអាជ្ញាធរគ្រប់គ្រងអាហារ និងឱសថជាតិ (BPOM) ផងដែរ។
លោក Budi Gunadi Sadikin អះអាងថា គិតជាមធ្យម កម្រិតនៃអង្គបដិប្រាណដែលកើតពីការចាក់វ៉ាក់សាំងដូសទី ១ និងដូសទី ២ គឺប្រមាណពី ១០០-២០។ ក្រោយពីត្រូវបានចាក់ពាក់កណ្ដាលដូសនៃដូសជំរុញ អង្គបដិប្រាណនឹងកើនឡើងដល់ ៧,៥០០-៨,០០០ ខណៈដែលការចាក់ដូសជំរុញពេញ ១ ដូស បរិមាណនៃអង្គបដិប្រាណនឹងកើនដល់ ៨,០០០-៨,៥០។ «ដូច្នេះ សូម្បីតែប្រើប្រាស់ ១ ដូសពេញ សម្រាប់ការចាក់ដូសជំរុញ អត្រានៃការលើសខ្វះគ្នាក៏ប្រែប្រួលមិនច្រើនប៉ុន្មាន»៕