(ឥណ្ឌា)-បុរសពិការម្នាក់នេះត្រូវរងរបួសឆ្អឹងខ្នងនៅក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពី ៥ ឆ្នាំមុន ប៉ុន្តែ ត្រូវគេជឿថា អាចដើរ និងនិយាយបាន បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១ ដូស។
បុរសវ័យ ៥៥ ឆ្នាំ ឈ្មោះ Munda រស់នៅក្នុងតំបន់ Salgadih រដ្ឋ Jharhand នៃ ប្រទេសឥណ្ឌា ត្រូវពិការ មិនអាចនិយាយស្ដីបាន និងត្រូវដេកលើកន្ទេលអស់ជាច្រើនឆ្នាំមកហើយ ក្រោយពីរបួសឆ្អឹងខ្នងដោយសារគ្រោះថ្នាក់រថយន្តកាលពី ៥ ឆ្នាំមុន។
ក៏ប៉ុន្តែ យោងតាមសារព័ត៌មានក្នុងស្រុក លោក Munda បានធ្វើឱ្យក្រុមវេជ្ជបណ្ឌិតច្របូកច្របល់នៅពេលត្រូវបានក្រុមគ្រួសារជូនដំណឹងដល់ខាងមន្ទីរពេទ្យថា អ្នកជំងឺ Munda អាចកម្រើកជើង និងអាចនិយាយបានវិញហើយ។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ NDTV បុរសរូបនេះនិយាយថា៖ «ខ្ញុំពិតជាត្រេកអរណាស់ដោយបានទទួលការចាក់វ៉ាក់សាំង។ ខ្ញុំអាចកម្រើកជើងបានវិញ បន្ទាប់ពីបានចាក់វ៉ាក់សាំងកាលពីសប្ដាហ៍មុន»។
វេជ្ជបណ្ឌិត Albela Kerketta មកពីមជ្ឈមណ្ឌលសុខាភិបាលសាធារណៈ Peterwar បានឱ្យដឹងថា ក្រុមគ្រួសារបានដឹងថា លោក Munda អាចដើរបាន និងនិយាយបានវិញ ក្រោយពីចាក់វ៉ាក់សាំងបាន ២៤ ម៉ោង។
«Munda ត្រូវបានចាក់វ៉ាក់សាំង Covishield (កំណែផលិតនៅ ឥណ្ឌា របស់ AstraZeneca) នៅឯផ្ទះរបស់គាត់កាលពីថ្ងៃទី ៤ មករា» វេជ្ជបណ្ឌិត Albela Kerketta ប្រាប់ដូច្នេះ និងបន្តថា រឿងនេះត្រូវការការស្វែងយល់បន្ថែម។
ព័ត៌មានផ្លូវការ រួមនឹងចម្លើយជាក់លាក់នឹងមាននៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្រធ្វើការស្រាវជ្រាវលើស្ថានភាពជំងឺរបស់លោក Dularchand Munda និងការជាសះស្បើយពីជំងឺរបស់គាត់៕