វេជ្ជបណ្ឌិតបានណែនាំឱ្យបុរសនេះប្រើប្រាស់ម៉ាស៊ីនដើម្បីជួយទាញឱ្យវែងឡើងវិញ មិនដូច្នោះទេ ត្រូវទទួលយកការពិតរបស់បញ្ហានេះ ព្រោះថា ផលប៉ះពាល់នេះអាចស្ថិតនៅជារៀងរហូត។
កូវីដ-១៩ មិនត្រឹមតែធ្វើឱ្យអ្នកជំងឺស្លាប់ របួសប្រព័ន្ធផ្លូវដង្ហើមនោះទេ តែវាក៏អាចបន្សល់ទុកនូវបញ្ហាយូរអង្វែងផងដែរ បន្ទាប់ពីអ្នកជំងឺបានជាសះស្បើយ។ អ្នកវិទ្យាសាស្ត្របានហៅផលវិបាកទាំងនោះថា «បញ្ហាក្រោយកូវីដ»។ រោគសញ្ញាមួយដែលត្រូវបានរាប់បញ្ចូលថាជា «បញ្ហាក្រោយកូវីដ» នោះគឺ វាកើតឡើងរយៈពេលយូរជាង ៤ សប្ដាហ៍ បន្ទាប់ពីបានជាពីជំងឺកូវីដ-១៩។ «បញ្ហាក្រោយកូវីដ» រួមានដូចជា៖ ពិបាកដកដង្ហើម, អស់កម្លាំង, ពិបាកផ្ដោតអារម្មណ៍គិតពិចារណា, ឈឺក្បាល, ឈឺសន្លាក់, ផ្លាស់ប្ដូរក្លិន និងផ្លាស់ប្ដូរវដ្ដនៃរដូវរបស់ស្ត្រី។
នៅមានអាការធ្ងន់ធ្ងរជាងអ្វីដែលបានរៀបរាប់ខាងលើ ប៉ុន្តែ វាកម្រកើតមាន។ បុរសម្នាក់អាយុជាង ៣០ ឆ្នាំ នៅ សហរដ្ឋអាម៉េរិក ថ្មីៗនេះបានកើត «បញ្ហាក្រោយកូវីដ» ដែលគួរឱ្យយកចិត្តទុកដាក់។ គាត់និយាយថា បានឆ្លងកូវីដ កាលពីខែកក្កដា ២០២១ និងបានជាសះស្បើយ។ គ្រប់យ៉ាងលើរាងកាយបានត្រលប់មករកសភាពដើម លើកលែងតែប្រដាប់ភេទរបស់គាត់។
«ប្រដាប់បន្តពូជរបស់ខ្ញុំត្រូវរួញខ្លីជាងមុន។ មុនពេលឆ្លងជំងឺកូវីដ ទំហំ និងប្រវែងរបស់វាស្ថិតនៅលើកម្រិតមធ្យម។ វាមិនធំខ្លាំង ប៉ុន្តែ វាប្រាកដជាធំជាងមនុស្សធម្មតាបន្តិច។ ពេលនេះ ប្រដាប់បន្តពូជរបស់ខ្ញុំបែរជាខ្លីជាងមុន ១.៥ អ៊ីញ (ប្រហែល ៣.៨ ស.ម) ពោលគឺធ្លាក់មកនៅក្រោមកម្រិតមធ្យម» បុរសដែលជួប «បញ្ហាក្រោយកូវីដ» បានប្រាប់កម្មវិធីសុខភាពផ្លូវភេទ «How to do it» ដូច្នេះ។
ដើម្បីផ្ដល់ការណែនាំដល់បុរសរងគ្រោះខាងលើ ពិធីកររបស់កម្មវិធី «How to do it» បានអញ្ជើញបុរសនេះមកកាន់កម្មវិធីរបស់វេជ្ជបណ្ឌិតឯកទេសខាងជំងឺផ្លូវទឹកនោម Ashley Winter ដែលបច្ចុប្បន្នគឺជាប្រធានផ្នែកសុខភាពបុរសប្រចាំសាកលវិទ្យាល័យសុខាភិបាល Albany។
លោកស្រីវេជ្ជបណ្ឌិត Ashley Winter បានបកស្រាយថា៖ «បញ្ហាខ្សោយលិង្គ ពិតណាស់ នឹងនាំឱ្យប្រដាប់ភេទបុរសត្រូវរួញខ្លី។ ក្នុងអំឡុងពេលដែលប្រដាប់ភេទបុរសមិនអាចវែងចេញ ឈាមមិនត្រូវបានបាញ់ទៅកាន់ទីនោះ ហើយប្រការនេះអាចធ្វើឱ្យប្រដាប់ភេទត្រូវបាត់បង់រូបរាងដើម នាំឱ្យវាខ្លីជាងមុន»។
ការស្រាវជ្រាវមួយដែលបានចុះផ្សាយលើទស្សនាវដ្ដី Endocrinological Investigation កាលពីចុងឆ្នាំ ២០២១ បានឱ្យដឹងថា បុរសទាំងឡាយដែលមានជំងឺកូវីដ-១៩ មានហានិភ័យខ្សោយលិង្គខ្ពស់ជាងប្រហែល ៣ ដង ធៀបនឹងមុនពេលមិនទាន់ឆ្លងវីរុស។ ចំណែកការស្រាវមួយចំនួនបាននិយាយថា ហានិភ័យនេះខ្ពស់ជាងជិត ៦ ដងឯណោះ។ ប៉ុន្តែ ការស្រាវជ្រាវខ្លះទៀតបានឱ្យដឹងថា ហានិភ័យនេះទាបជាងអត្រាដែលបាននិយាយខាងលើ និងថា បុរសប្រហែល ២០% ប៉ុណ្ណោះ ដែលរងផលប៉ះពាល់។
ក្រៅពីនេះ ការស្រាវជ្រាវធំមួយដែលបានស្រង់ស្ថិតិពីអ្នកជំងឺកូវីដ-១៩ ដែលបានជាសះស្បើយនៅក្នុងប្រទេសចំនួន ៥៦ ស្ដីពីអាការក្រោយជាពីជំងឺកូវីដ បង្ហាញថា បុរសប្រមាណ ១៥% មានបញ្ហាប្រដាប់ភេទមិនឡើងរឹង និង ៥% ទៀត ត្រូវជួបនឹងបញ្ហារួញពងស្វាស ឬរួញប្រដាប់ភេទ។
ការសិក្សាស្រាវជ្រាវទាំងឡាយបង្ហាញថា បញ្ហា «Covid Dick» (ពាក្យសម្រាប់ហៅផលប៉ះពាល់របស់ កូវីដ-១៩ ទៅលើប្រដាប់ភេទបុរស) ពិតជាមានប្រាកដមែន៕