រយៈពេល ២ ខែ បន្ទាប់ពី អូមីក្រុង បានបង្ហាញខ្លួន អ្នកជំនាញនៅ អាហ្វ្រិខាងត្បូង ជឿជាក់ថា រលកនៃការឆ្លងរាលដាល នៃ វ៉ារ្យ៉ង់ អូមីក្រុង របស់ កូវីដ-១៩ បានបញ្ចប់នៅប្រទេសនេះ ជាមួយនឹងផលប៉ះពាល់ «មិនធ្ងន់ធ្ងរ»។
ក្រោយពីក្រុមអ្នកស្រាវជ្រាវនៅ អាហ្វ្រិកខាងត្បូង បានរាយការណ៍ដល់ក្រុមមន្ត្រីសុខាភិបាលពិភពលោកស្ដីពី វ៉ារ្យ៉ង់ អូមីក្រុង កាលពីខែវិច្ឆិកា ២០២១ អូមីក្រុង ក៏បានក្លាយជាចំណុចកណ្ដាលយ៉ាងឆាប់រហ័សនៃការព្រួយបារម្ភនៅទូទាំងសកលលោក។ អូមីក្រុង បានឆ្លងរាលដាលពាសពេញ អាហ្វ្រិកខាងត្បូង ក្នុងល្បឿនយ៉ាងលឿនគួរឱ្យខ្លាច ធ្វើឱ្យប្រទេសនេះ ក្លាយជាសម្បុកវីរុសដោយចំណាយពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ប៉ុន្តែ ក្រោយមក អូមីក្រុង មិនបានបង្កឱ្យមានស្ថានការណ៍ធ្ងន់ធ្ងរច្រើនប៉ុន្មាននោះទេ។
យោងតាម CBS ភោជនីយដ្ឋាននានានៅជាយក្រុង Johannesburg បានចាប់ផ្ដើមបើកដំណើរការធម្មតាឡើងវិញចាប់ពីសប្ដាហ៍នេះ ខណៈចរាចរណ៍ក៏ចាប់ផ្ដើមស្ទះ រីឯទីប្រជុំជនទាំងឡាយក៏មានមនុស្សទៅមកយ៉ាងកុះករ។
កាលពី ៦ ខែមុន ក្នុងការរាតត្បាតរបស់ ដេលតា មន្ទីរពេទ្យនានាបានដំណើរការយ៉ាងមមាញឹក និងលើសចំណុះ។ ចំណែកក្នុងអំឡុងពេលនៃការរាតត្បាតរបស់ អូមីក្រុង ស្ថានភាពនៅតាមមន្ទីរពេទ្យនានាមានសភាពខុសពីមុន ដោយចំនួនគ្រែប្រហែលពាក់កណ្ដាលនៅតែទំនេរ ហើយមានអ្នកជំងឺតិចតួចណាស់ដែលត្រូវការអុកស៊ីសែន ចំណែកបុគ្គលិកសុខាភិបាល ក៏ទទួលរងសម្ពាធតិចជាងមុនឆ្ងាយណាស់។
ទោះជាយ៉ាងនេះក៏ដោយ វេជ្ជបណ្ឌិត Anthony Fauci ដែលជាទីប្រឹក្សាផ្នែកសុខាភិបាលរបស់ សេតវិមាន នៃ សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី ១៧ មករា បានបញ្ជាក់ថា អូមីក្រុង គឺជាសញ្ញាបញ្ចប់របស់ជំងឺរាតត្បាត កូវីដ-១៩ ឬអត់ គឺជា «សំណួរមិនទាន់មានចម្លើយ» ដោយវាអាស្រ័យទៅលើស្ថានភាព ថាតើ នឹងមាន វ៉ារ្យ៉ង់ ថ្មី ដែលអាចគេចពីប្រព័ន្ធប្រតិកម្មភាពស៊ាំរបស់ វ៉ារ្យ៉ង់ មុនៗដែរ ឬទេ៕