កាលពីក្មេង ខ្ញុំចូលចិត្តលេងស្មៅបន្លាព្រះខ្លបនេះ ដោយសារតែនៅពេលយកដៃទៅប៉ះភ្លាម វាក៏ខ្លបក្ដោបស្លឹកចូលក្នុង ហាក់ផ្ដល់ការគោរពដល់ខ្ញុំ ប៉ុន្តែ មិនដឹងថា នៅស្រុកយើង មានបងប្អូនណាយកស្មៅនេះមកធ្វើជាថ្នាំ ឬអត់។
ស្មៅបន្លាព្រះខ្លប មានបន្លាខ្លីៗ ស្លឹកល្អិតៗ កាលណាប៉ះពាល់នឹងអ្វីមួយ ឬកម្រើកដោយខ្យល់ក៏ខ្លបក្ដោបស្លឹកចូលក្នុង ចំណែកផ្ការរបស់វាវិញមានសម្បុរក្រហមស្ទើរស្វាយ។ ស្មៅបន្លាព្រះខ្លប ក៏ត្រូវបានអ្នកស្រុកខ្លះហៅថា ស្មៅបន្លាបង្ក្រាប។ ស្មៅនេះភាគច្រើនដុះនៅតាមចំការដំណាំ ក្បែរផ្ទះនៅស្រុកស្រែ នៅមាត់បឹង ឬនៅតាមវាលដែលមានរុក្ខជាតិច្រើន។
ស្មៅបន្លាព្រះខ្លបមានឈ្មោះវិទ្យាសាស្ត្រថា Mimosa pudica L។ នៅ ប្រទេសចិន ស្មៅប្រភេទនេះ ត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលជំងឺច្រើនមុខ។
១-កាត់បន្ថយការឈឺចាប់
ស្លឹក និងដើមរបស់ស្មៅនេះផ្ទុក alkaloid ដែលតែងត្រូវបានប្រើប្រាស់សម្រាប់ការកាត់បន្ថយការឈឺចាប់ ឬប្រើជាថ្នាំស្ពឹក។ ដូច្នេះ អ្នកស្រុកចិន ចូលចិត្តយកស្មៅបន្លាព្រះខ្លបធ្វើជាតែសម្រាប់ឆុងផឹកនៅពេលឈឺធ្មេញ ឈឺចង្កេះ ឬឈឺសន្លាក់។
២-ព្យាបាលជំងឺផ្លូវដង្ហើម
ឫសរបស់ស្មៅនេះត្រូវបានយកទៅចិញ្ច្រាំ និងយកទៅព្យាបាលជំងឺរលាកទងសួតរ៉ាំរ៉ៃ។ យកឫសរបស់វាដែលបានចិញ្ច្រាំប្រហែល ១០០ ក្រាម ដាក់ចូលទឹក ៦០០ មិល្លីលីត្រ រួចដាំឱ្យពុះរហូតនៅសល់ប្រហែល ១០០ មីល្លិលីត្រ ហើយចែកជា ២ សម្រាប់ផឹកក្នុង ១ ថ្ងៃ និងត្រូវផឹកឱ្យបាន ១០ ថ្ងៃ សម្រាប់ការព្យាបាលម្ដង។
៣-កាត់បន្ថយការចុះខ្សោយនៃប្រព័ន្ធប្រសាទ ពិបាកគេង
លាងស្លឹករបស់ស្មៅបន្លាព្រះខ្លបឱ្យស្អាត រួចហាល់ស្ងួត ទុកឆុងផឹកម្ដង/ថ្ងៃ ក្នុងរយៈពេល ១០ ថ្ងៃ។
៤-ព្យាបាលរបួសស្បែក
ក្នុងរុក្ខជាតិនេះផ្ទុក tannin ជំរុញឱ្យឈាមកកបានលឿន មានប្រសិទ្ធភាពក្នុងការឃាត់ឈាម។ ពេលត្រូវរបួសស្បែក ជនជាតិចិន តែងយកស្លឹករបស់ស្មៅបន្លាព្រះខ្លបស្រស់ ចិញ្ច្រាំឱ្យល្អិត ចេញជាតិទឹក រួចបិទលើកន្លែងរបួស។
ក្រៅពីនេះ ស្មៅបន្លាព្រះខ្លបក៏មានប្រសិទ្ធភាពមួយចំនួនទៀតដូចជា៖
-ព្យាបាលបញ្ហារលាកក្រពះ
-ជួយបណ្ដេញជាតិពុលក្នុងថ្លើម
-ព្យាបាលបញ្ហាសម្ពាធឈាមខ្ពស់
-ព្យាបាលអាការទល់ពោះ ពិបាករំលាយអាហារ
ទោះជាយ៉ាងណាក៏ដោយ មុននឹងប្រើប្រាស់ឱសថបុរាណនេះ គ្រប់គ្នាគួរតែសួរយោបល់ពីគ្រូពេទ្យជាមុន ពិសេសគឺមិនត្រូវប្រើសម្រាប់ស្ត្រីមានផ្ទៃពោះ អ្នកដែលមានបញ្ហាកម្លាំងចុះខ្សោយ ស្គម និងស្លេកស្លាំង៕