ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Arkansas បានរកឃើញថា មនុស្សវ័យក្មេងដែលចំណាយពេលកាន់តែច្រើននៅលើបណ្ដាញសង្គម ពួកគេកាន់តែមានហានិភ័យកើតជំងឺផ្លូវចិត្ត។
បច្ចុប្បន្ន មិនថាចាស់ ឬក្មេង មាន ឬក្រ មនុស្សភាគច្រើនបានចាត់ទុកថា ទូរស័ព្ទឆ្លាតវៃគឺជាផ្នែកមួយនៃរាងកាយរបស់ពួកគេ។ ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Arkansas បានឱ្យដឹងថា យុវវ័យដែលចំណាយពេលកាន់តែច្រើននៅលើបណ្ដាញសង្គម ពួកគេកាន់តែមានហានិភ័យខ្ពស់ កើតរោគចិត្ត។
លទ្ធផលនៃការស្រាវជ្រាវរបស់ក្រុមខាងលើបង្ហាញថា ក្រុមមនុស្សវ័យក្មេងដែលចំណាយពេលជាង ៣០០ នាទី (៥ ម៉ោង) ក្នុង ១ ថ្ងៃ សម្រាប់ការលេងបណ្ដាញសង្គម មានហានិភ័យកើតជំងឺផ្លូវចិត្តខ្ពស់ជាងជិត ៣ ដង ធៀបនឹងមនុស្សដែលលេងបណ្ដាញសង្គមតិចជាង ១២០ នាទី (២ ម៉ោង) រៀងរាល់ថ្ងៃ។ អ្នកវិទ្យាសាស្ត្រជឿថា ការគិតមមៃទៅដល់ថ្នាលបច្ចេកវិទ្យា ដូចជា Instagram, Twitter ឬ Facebook ជាដើម កំពុងតែចូលមកប្ដូរផ្លាស់ការកើតឡើងនៃមនោសញ្ចេតនាមិត្តភក្ដិ និងការឈានដល់គោលដៅក្នុងពិភពពិតរបស់ពួកគេ។
ក្រុមអ្នកស្រាវជ្រាវក៏យល់ថា ក្រុមយុវវ័យកំពុងប្រៀបធៀបខ្លួនឯងជាមួយនឹងការរស់នៅដ៏ល្អឥតខ្ចោះដែល «បានឆ្លងកាត់ការកាត់ត» ដែលពួកគេបានឃើញលើបណ្ដាញសង្គម ដែលទាំងនេះសុទ្ធតែជាប្រការមិនអាចកើតមាននៅក្នុងពិភពពិត។ បញ្ហានេះធ្វើឱ្យពួកគេមានការបន្ទោស បង្អាប់ ឬវាយតម្លៃទាបលើខ្លួនឯង នៅពេលប្រៀបធៀបជាមួយនឹងរូបភាពដែលពួកគេបានឃើញ។
នៅក្នុងការសិក្សាស្រាវជ្រាវទ្រង់ទ្រាយធំដំបូង លើទំនាក់ទំនងរវាងការប្រើប្រាស់បណ្ដាញសង្គម និងរោគផ្លូវចិត្ត ក្រុមអ្នកវិទ្យាសាស្ត្របារម្ភថា កូវីដ-១៩ នឹងធ្វើឱ្យការប្រើប្រាស់អ៊ីនធើណិតកើតឡើង ហើយបណ្ដាលឱ្យបញ្ហាសុខភាពផ្លូវចិត្តកាន់តែធ្ងន់ធ្ងរជាងមុន។ ក្រុមអ្នកស្រាវជ្រាវបានស្ទង់មតិលើ ជនជាតិអាម៉េរិក ជាង ១,០០០ នាក់ ដែលមានអាយុចាប់ពី ១៨ ដល់ ៣០ ឆ្នាំ ដើម្បីវាស់ស្ទង់កម្រិតនៃភាពធ្ងន់ធ្ងររបស់បញ្ហាផ្លូវចិត្តរបស់ពួកគេ ជាមួយនឹងការដែលពួកគេលេងបណ្ដាញសង្គម។
លទ្ធផលបង្ហាញថា ក្រុមមនុស្សដែលប្រើប្រាស់បណ្ដាញសង្គមលើសពី ៥ ម៉ោង/ថ្ងៃ មានហានិភ័យកើតជំងឺផ្លូវចិត្តខ្ពស់ជាង ២.៨ ដង នៅក្នុងរង្វង់ ៦ ខែ ធៀបជាមួយនឹងអ្នកដែលលេងត្រឹមតែ ២ ម៉ោង/ថ្ងៃ។
វេជ្ជបណ្ឌិត Cesar Escobar-Viera ជំនួយការសាស្ត្រាចារ្យឯកទេសផ្នែកវិកលចរិត នៃសាកលវិទ្យាល័យ Pittsburgh បានឱ្យដឹងថា៖ «ពេលវេលាដែលសល់លើបណ្ដាញសង្គម អាចចូលមកជំនួសសកម្មភាពសំខាន់ៗជាង ដូចជា ការបង្កើតទំនាក់ទំនងល្អ ការសម្រេចបានគោលដៅលក្ខណៈឯកជន ឬអាជីវកម្ម ការងារ ក៏ដូចជាពេលវេលាសម្រាប់ពិចារណាដែលមានតម្លៃ»៕