អាជ្ញាធរគ្រប់គ្រងឱសថរបស់ សហភាពអឺរ៉ុប បានព្រមានថា ការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ រំលឹកឡើងវិញ ៤ ខែ/ម្ដង អាចជះឥទ្ធិពលអាក្រក់ដល់ប្រព័ន្ធការពាររាងកាយ។
បណ្ដាប្រទេសគួរតែបង្កើនរយៈពេលនៃគន្លាតរវាងយុទ្ធនាការចាក់ដូសជំរុញ ហើយភ្ជាប់វាទៅនឹងរដូវរងា ដូចទៅនឹងផែនការយុទ្ធសាស្ត្រចាក់វ៉ាក់សាំងបង្ការជំងឺផ្ដាសាយ។ ការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ រំលឹកឡើងវិញ ៤ ខែ/ម្ដង អាចធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ បណ្ដាលឱ្យអ្នកដែលបានទទួលការចាក់អស់កម្លាំង។ នេះបើតាមអាជ្ញាធរគ្រប់គ្រងឱសថអឺរ៉ុប (EMA) នៃ សហភាពអឺរ៉ុប (EU) ដែលបានឱ្យដឹងកាលពីថ្ងៃទី ១១ មករា។
Marco Cavaleri មេដឹកនាំស្ថាប័នគ្រប់គ្រងហានិភ័យគំរាមដល់សុខភាព និងយុទ្ធសាស្ត្រវ៉ាក់សាំងរបស់ EMA បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ថា៖ «អាចចាក់ដូសជំរុញ ១ ឬ ២ ដង ប៉ុន្តែ នោះមិនមែនជាប្រការដែលយើងយល់ថា គួរតែធ្វើជាញឹកញាប់ឡើយ»។
អនុសាសន៍របស់ EMA ត្រូវបានលើកឡើងនៅក្នុងគ្រាដែលប្រទេសមួយចំនួនបាន និងកំពុងចាក់ ឬកំពុងពិចារណាអំពីការចាក់ដូសជំរុញទី ២ ដើម្បីទប់ទល់នឹង អូមីក្រុង។
អ៊ីស្រាអែល កាលពីដើមខែមករា បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទី ២ សម្រាប់ពលរដ្ឋវ័យចាប់ពី ៦០ ឆ្នាំឡើងទៅ។ កម្ពុជា ក៏បានចាប់ផ្ដើមយុទ្ធនាការចាក់ដូសវ៉ាក់សាំងដូសទី ៤ កាលពីពេលថ្មីៗនេះ។ ចំណែក អង់គ្លេស វិញ ឱ្យដឹងថា ដូសជំរុញទី ១ មានប្រសិទ្ធភាពខ្ពស់ និងមិនទាន់ត្រូវការដូសជំរុញទី ២ ប៉ុន្តែ នឹងធ្វើការពិនិត្យនៅពេលមានទិន្នន័យបន្ថែម។
EMA ឱ្យដឹងថា ថ្នាំប្រឆាំង វីរុស ប្រភេទគ្រាប់សម្រាប់លេប និងថ្នាំសម្រាប់ចាក់ ដូចជា Paxlovid និង Remdesivir ជាដើម រក្សាប្រសិទ្ធភាពក្នុងការប្រឆាំងនឹង អូមីក្រុង។
អាជ្ញាធរគ្រប់គ្រងឱសថអឺរ៉ុប ក៏បានបង្ហើបឱ្យដឹងថា ខែមេសា គឺជាពេលវេលាឆាប់បំផុតដែលពួកគេអាចផ្ដល់ការអនុញាត់ឱ្យប្រើប្រាស់វ៉ាក់សាំងថ្មីមួយដែលសំដៅលើការទប់ស្កាត់ វ៉ារ្យ៉ង់ ជាក់លាក់របស់ កូវីដ-១៩៕