ក្រុមវេជ្ជបណ្ឌិតនៅ Maryland (សហរដ្ឋអាម៉េរិក) បានធ្វើការវះកាត់ភ្ជាប់បេះដូងជ្រូកដែលត្រូវបានកែប្រែ ហ្សែន ទៅក្នុងរាងកាយរបស់អ្នកជំងឺម្នាក់ដែលកំពុងប្រឈមនឹងការបាត់បង់ជីវិត។
សារព័ត៌មានអង់គ្លេស Guardian ដកស្រង់សម្ដីរបស់ក្រុមវេជ្ជបណ្ឌិតប្រចាំមជ្ឈមណ្ឌលសុខាភិបាលនៃសាកលវិទ្យាល័យ Maryland កាលពីថ្ងៃទី ១០ មករា បានឱ្យដឹងថា ក្រោយការវះកាត់បាន ៣ ថ្ងៃ អ្នកជំងឺក៏បានប្រសើរឡើង ប៉ុន្តែ ត្រូវការពេលបន្ថែមទៀតដើម្បីអាចអះអាងថា ករណីវះកាត់នេះជោគជ័យ ឬយ៉ាងណា។
ករណីវះកាត់នេះត្រូវបានគេចាត់ទុកថាជាការបោះជំហានទៅមុខ ឆ្លើយតបទៅនឹងការព្រួយបារម្ភដែលបានអូសបន្លាយពេលអស់ច្រើនទសវត្សរ៍ ទាក់ទិននឹងការប្រើប្រាស់គ្រឿងក្នុងរបស់សត្វ នៅក្នុងការវះកាត់សង្គ្រោះជីវិតមនុស្ស។
អ្នកជំងឺដែលទទួលបានការវះកាត់ដាក់បេះដូងជ្រូកដែលបានកែប្រែ ហ្សែន នេះ គឺលោក David Bennett អាយុ ៥៧ ឆ្នាំ។ កូនប្រុសរបស់លោក David Bennett បាននិយាយថា បើទោះជាមិនមានការធានាថា ការវះកាត់នឹងជោគជ័យ ប៉ុន្តែ ឪពុករបស់គាត់កំពុងមានជំងឺធ្ងន់ធ្ងរ ដូច្នេះ គឺមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទទួលយកការវះកាត់ ហើយបច្ចុប្បន្នក៏មិនមានវិធីព្យាបាលផ្សេងទៀតដែរ។
មកដល់ថ្ងៃទី ១០ មករា លោក David Bennett អាចដកដង្ហើមបានដោយខ្លួនឯង ប៉ុន្តែ នៅតែត្រូវភ្ជាប់ជាមួយម៉ាស៊ីនជំនួយបេះដូង និងសួត។
សហរដ្ឋអាម៉េរិក កំពុងប្រឈមនឹងបញ្ហាខ្វះអ្នកបរិច្ចាគអវយវៈក្នុងរាងកាយសម្រាប់ការវះកាត់ប្ដូរអវយវៈដល់អ្នកជំងឺ។ ប្រការនេះនាំឱ្យក្រុមអ្នកវិទ្យាសាស្ត្រត្រូវប្រើប្រាស់គ្រឿងក្នុងរបស់សត្វដើម្បីជំនួស។ ឆ្នាំ ២០២១ មានការវះកាត់បែបនេះតែជាង ៣,៨០០ ករណីប៉ុណ្ណោះ ដែលត្រូវបានធ្វើឡើងនៅ សហរដ្ឋអាម៉េរិក៕