សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ៥ មករា នេះ បានណែនាំដល់អភិបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ពន្លឿនការសាងសង់មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ ខណៈករណីឆ្លង កូវីដ-១៩ ប្រភេទ អូមីក្រុង បន្តចូលមក កម្ពុជា។
នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ ដែលបានឈ្នះមេដាយមាសពិភពលោកកីឡាប៊ូល ប៉េតង់ នៅ អេស្ប៉ាញ នាព្រឹកថ្ងៃទី ៥ មករា នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានណែនាំដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល ពន្លឿនការសាងសង់មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ ដើម្បីរំដោះអ្នកជំងឺចេញពីពហុកីឡដ្ឋានជាតិអូឡាំពិក ឱ្យបានរួចរាល់នៅឆ្នាំក្រោយ។
ក្នុងពិធីនេះដែរ សម្ដេចតេជោ បានមានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជា នៅសល់អ្នកជំងឺកូវីដ-១៩ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ចំនួន ២២៦ នាក់ ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៥០០ នាក់ ដែលកំពុងទទួលការព្យាបាលនៅទូទាំងប្រទេស។
គិតត្រឹមព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង កូវីដ-១៩ សរុបចំនួនជាង ១២ ម៉ឺននាក់ ក្នុងនោះមានអ្នកស្លាប់សរុបជាង 3,០០០ នាក់៕