អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ហានិភ័យទូទៅដែលបណ្ដាលមកពី វ៉ារ្យ៉ង់ អូមីក្រុង «នៅតែមានកម្រិតខ្ពស់ខ្លាំង» បន្ទាប់ពីករណីឆ្លង កូវីដ-១៩ នៅទូទាំងសកលលោក កើន ១១% កាលពីសប្ដាហ៍កន្លង។
«ភ័ស្ដុតាងស៊ីចង្វាក់គ្នាបានបង្ហាញ ថា វ៉ារ្យ៉ង់ អូមីក្រុង មានលទ្ធភាពកើនឡើងខ្ពស់ជាង ដេលតា ដោយការកើនឡើងទ្វេដងរបស់វា ស៊ីពេលត្រឹមតែពី ២ ទៅ ៣ ថ្ងៃប៉ុណ្ណោះ។ ការកើនឡើងយ៉ាងឆាប់រហ័សនៃករណីឆ្លង ត្រូវបានរកឃើញនៅប្រទេសជាច្រើន» WHO បានឱ្យដឹងដូច្នេះ នៅថ្ងៃនេះ។
WHO វាយតម្លៃថា ល្បឿនយ៉ាងលឿននៃការកើនឡើងរបស់ករណីឆ្លងអាចបណ្ដាលមកពី «ការរួមផ្សំរវាងសមត្ថភាពនៃការគេចពីប្រព័ន្ធការពាររាងកាយ និងភាពងាយឆ្លងរាលដាលរបស់ អូមីក្រុង»។
ប៉ុន្តែ WHO ក៏បានសង្កត់ធ្ងន់ថា អត្រានៃករណីឆ្លងដែលត្រូវបានតាមដាននៅ អាហ្វ្រិកខាងត្បូង ដែលជាប្រទេសដំបូងគេបានរាយការណ៍អំពីវត្តមានរបស់ អូមីក្រុង បានថយចុះ ២៩%។ រីឯទិន្នន័យដំបូងដែលបានមកពី ប្រទេសអង់គ្លេស អាហ្វ្រិកខាងត្បូង និង ដាណឺម៉ាក ក៏បានបង្ហាញថា ហានិភ័យនាំឱ្យចូលពេទ្យដោយសារ អូមីក្រុង ថយចុះ ឬទាបជាង បើធៀបនឹង ដេលតា។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រនៅតែត្រូវការទិន្នន័យច្រើនបន្ថែមទៀតដើម្បីអាចកំណត់បាននូវកម្រិតនៃភាពធ្ងន់ធ្ងររបស់ អូមីក្រុង ទាក់ទិននឹងការព្យាបាលក្នុងមន្ទីរពេទ្យ ដោយប្រើប្រាស់ អុកស៊ីសែន ម៉ាស៊ីនជំនួយដង្ហើម និងការស្លាប់៕