ការសិក្សាស្រាវជ្រាវទ្រង់ទ្រាយតូច និងបឋមមួយចំនួនបានបង្ហាញថា កូវីដ-១៩ ប្រភេទ អូមីក្រុង បង្កអាការស្រាលជាង ធៀបនឹង វីរុសបំប្លែងខ្លួនមុនៗ បើទោះជាតួលេខនៃករណីឆ្លងកំពុងកើនឡើងយ៉ាងលឿននៅតំបន់ជាច្រើនក្នុងពិភពលោក។
លទ្ធផលនៃការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រប្រចាំស្ថាប័នសុខាភិបាលសាធារណៈ របស់ប្រទេសស្កុតឡែន (PHS) នៃ ចក្រភពអង់គ្លេស បង្ហាញថា អត្រានៃអ្នកជំងឺដែលឆ្លង អូមីក្រុង ត្រូវចូលពេទ្យ គឺមានភាគរយទាប ពោលគឺ ទាបជាង ២/៣ ធៀបនឹង វ៉ារ្យ៉ង់ ដេលតា។ នេះបើតាមសម្ដីរបស់វេជ្ជបណ្ឌិត Jim McMenamin ប្រធានផ្នែកគ្រប់គ្រងករណីអាសន្នរបស់ PHS។
ក៏ប៉ុន្តែ ក្រុមរបស់ McMenamin នៅតែព្រមានថា ប្រព័ន្ធមន្ទីរពេទ្យនៅតែអាចប្រឈមនឹងការរងសម្ពាធធ្ងន់ធ្ងរពី អូមីក្រុង ព្រោះថា វីរុសបំប្លែងខ្លួននេះ ឆ្លងរាលដាលលឿនជាង វ៉ារ្យ៉ង់ មុន។
ក្នុងថ្ងៃដដែលនោះដែរ ក្រុមអ្នកស្រាវជ្រាវប្រចាំសាកលវិទ្យាល័យ Imperial College London របស់ អង់គ្លេស ក៏បានប្រកាសលទ្ធផលដូចទៅនឹង ក្រុមរបស់ McMenamin។ ពួកគេរកឃើញថា អ្នកឆ្លង អូមីក្រុង មានហានិភ័យត្រូវចូលពេទ្យទាបជាងពី ១៥ ទៅ ២០% និងបង្កអាការធ្ងន់ធ្ងរទាបជាង ធៀបនឹង ដេលតា។
ក្រៅពីនេះ លទ្ធផលនៃការស្រាវជ្រាវមួយដែលមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ របស់វិទ្យាស្ថានជាតិគ្រប់គ្រងជំងឺឆ្លងនៃ ប្រទេសអាហ្វ្រិកខាងត្បូង ចុះផ្សាយនៅលើទំព័រ MedRxiv កាលពីថ្ងៃទី ២១ ធ្នូ បានឱ្យដឹងដែរថា អ្នកជំងឺទាំងឡាយដែលឆ្លង អូមីក្រុង មានហានិភ័យត្រូវចូលពេទ្យទាបជាង ៨០% ធៀបនឹងអ្នកដែលឆ្លង វ៉ារ្យ៉ង់ ដទៃ។
ទោះជាយ៉ាងនេះក្ដី ក្រុមស្រាវជ្រាវខាងលើក៏បានព្រមានថា នេះគ្រាន់តែជាលទ្ធផលនៃការស្រាវជ្រាវបឋមប៉ុណ្ណោះ។
មកដល់បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្ត្រនៅតែមិនទាន់អាចកំណត់បានជាក់លាក់ និងជាផ្លូវការនៅឡើយ អំពីភាពសាហាវ ឬសមត្ថភាពនៃការគេចពីវ៉ាក់សាំងរបស់ វ៉ារ្យ៉ង់ អូមីក្រុង ខណៈដែលវាកំពុងឆ្លងរាលដាលក្នុងល្បឿនយ៉ាងលឿនមិនធ្លាប់មាន និងត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ១០៦ រួចហើយ នេះបើតាម WHO៕