អង្គការសុខភាពពិភពលោក (WHO) បានសម្រេចអនុម័តឱ្យប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Novavax ដែលនេះក៏ជាវ៉ាក់សាំងទី ១០ ដែលត្រូវបានស្ថាប័នអន្តរជាតិមួយនេះអនុម័ត។
ការសម្រេចរបស់ WHO ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១ ១ ថ្ងៃ បន្ទាប់ពីអាជ្ញាធរគ្រប់គ្រងឱសថអឺរ៉ុប (EMA) បានអនុញ្ញាតឱ្យចរាចរដោយមានលក្ខខណ្ឌចំពោះវ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនផលិតឱសថអាម៉េរិក Novavax ដែលមានឈ្មោះថា Nuvaxovid ជាប្រភេទវ៉ាក់សាំងចាក់ ២ ដូស។
យោងតាមលទ្ធផលដែលបានមកពីការពិសោធលើមនុស្សចំនួន ២ លើក នៅលើអ្នកស្ម័គ្រចិត្តជាង ៤៥,០០០ នាក់ វ៉ាក់សាំង Nuvaxovid មានប្រសិទ្ធភាពជាង ៩០% នៅក្នុងការទប់ស្កាត់ការឆ្លង វីរុសកូវីដ-១៩ សម្រាប់អ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ ផលវិបាកដែលកើតឡើងដោយសារវ៉ាក់សាំងនេះ មានកម្រិតស្រាល ឬមធ្យម ហើយនឹងបាត់ទៅវិញក្រោយការចាក់បានប៉ុន្មានថ្ងៃប៉ុណ្ណោះ។
ក្រុមមន្ត្រីរបស់ WHO បានណែនាំឱ្យប្រើប្រាស់វ៉ាក់សាំងនេះចំពោះមនុស្សពេញវ័យ ដោយត្រូវទុកគម្លាតចន្លោះពីការចាក់ដូសទី ១ និងដូសទី ២ ចាប់ពី ៣ ទៅ ៤ សប្ដាហ៍។ វ៉ាក់សាំង Nuvaxovid ត្រូវបានអះអាងថា អាចរក្សាទុកក្នុងសីតុណ្ហភាពចាប់ពី ២ ដល់ ៨ អង្សាសេ គ្រាន់បើជាងបណ្ដាវ៉ាក់សាំងប្រើបច្ចេកវិទ្យា mRNA ដែលត្រូវរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង។
Nuvaxovid គឺជាវ៉ាក់សាំងបង្ការ ជំងឺកូវី-១៩ ទី ១០ ដែលត្រូវបាន WHO អនុម័តឱ្យប្រើប្រាស់បន្ទាន់។ នៅក្នុងចំណោមវ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ដែលទទួលបានការអនុម័តឱ្យប្រើប្រាស់ពី WHO ក៏មានវ៉ាក់សាំង Covovax ជាកំណែវ៉ាក់សាំងរបស់ Novavax ដែលត្រូវបានផលិតដោយវិទ្យាស្ថានសេរ៉ូមឥណ្ឌា ក្រោមការអនុញ្ញាតពីក្រុមហ៊ុនអាម៉េរិក៕