ក្រុមមន្ត្រីរបស់ សហរដ្ឋអាម៉េរិក បានឱ្យដឹងថា អូមីក្រុង កំពុងតែក្លាយទៅជា វ៉ារ្យ៉ង់ លេចធ្លោជាងគេ ដោយគ្រប់គ្រង ជាង ៧៣% នៃករណីឆ្លងថ្មីដែលត្រូវបានរកឃើញនៅប្រទេសនេះ ក្នុងអំឡុង ១ សប្ដាហ៍កន្លង។
មជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺឆ្លង (CDC) របស់ សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី ២០ ធ្នូ បានប្រកាសថា វីរុសកូវីដ-១៩ ប្រភេទ អូមីក្រុង មានចំនួន ៧៣.២% ធៀបនឹងករណីឆ្លងថ្មីសរុប ដែលត្រូវបានរកឃើញចាប់ពីថ្ងៃទី ១២ ដល់ ១៨ ធ្នូ ឆ្នាំ ២០២១។ នេះបើយោងទៅលើទិន្នន័យនៃការវិភាគហ្សែនរបស់វីរុសដែលមាននៅលើអ្នកជំងឺ។
តួលេខនៃការឆ្លង អូមីក្រុង មានត្រឹមតែ ១២.៦% ប៉ុណ្ណោះ ធៀបនឹងតួលេខនៃការឆ្លងកូវីដ-១៩ ថ្មី នៅ សហរដ្ឋអាម៉េរិក កាលពី ១ សប្ដាហ៍មុននោះ។
សហរដ្ឋអាម៉េរិក នៅតែជាទីដែលមានតួលេខនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ធំជាងគេបង្អស់ក្នុងពិភពលោក ដោយមានអ្នកឆ្លងសរុបជិត ៥២ លាននាក់ និងស្លាប់ជាង ៨២៨,០០០ នាក់៕