
ក្រុមមន្ត្រីនៃបណ្ដាប្រទេស កំពុងតែពិចារណាអំពីការដាក់បញ្ចូលដូសបន្ថែម ឬដូសជំរុញ ទៅក្នុងនិយមន័យ «ការចាក់វ៉ាក់សាំងពេញលេញ» នៅពេល កូវីដ-១៩ ប្រភេទ អូមីក្រុង កំពុងឆ្លងរាលដាលយ៉ាងលឿន។
ទីប្រឹក្សាផ្នែកសុខាភិបាលរបស់ សេតវិមាន លោក Anthony Fauci កាលពីថ្ងៃទី ១៧ ធ្នូ បានឱ្យដឹងថា មជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺឆ្លង (CDC) របស់ អាម៉េរិក បានត្រៀមខ្លួនរួចរាល់ក្នុងការប្ដូរផ្លាស់និយមន័យស្ដីពី «ការចាក់វ៉ាក់សាំងគ្រប់ចំនួនដូស» ឬ «ការចាក់វ៉ាក់សាំងពេញលេញ»។ ប៉ុន្តែ មិនទាន់ច្បាស់ថា នឹងត្រូវអនុវត្តចាប់ពីពេលណា។
ប្រកាសរបស់លោក Fauci ត្រូវបានលើកឡើងក្នុងគ្រាដែលទីក្រុងជាច្រើននៅ សហរដ្ឋអាម៉េរិក កំពុងទទួលរងការរាតត្បាតពីជំងឺកូវីដ-១៩។ ប្រការនេះធ្វើឱ្យមានការព្រួយបារម្ភថា «ការចាក់វ៉ាក់សាំងពេញលេញ» កន្លងមក មិនមានប្រសិទ្ធភាពគ្រប់គ្រាន់ដើម្បីទប់ទល់នឹង វ៉ារ្យ៉ង់ អូមីក្រុង។

«មិនមានអ្វីដែលត្រូវសង្ស័យទៀតទេ បើសិនចង់ទទួលបានការការពារជាអតិបរមា យើងត្រូវតែចាក់ដូសបន្ថែម» លោក Fauci បញ្ជាក់ដូច្នេះ។
CDC របស់ អាម៉េរិក កន្លងមកបានប្រកាសថា «ជនជាតិអាម៉េរិក ត្រូវបានចាត់ទុកថា បានចាក់វ៉ាក់សាំងពេញលេញ» ក្រោយពីពួកគេបានទទួលការចាក់វ៉ាក់សាំងដូសទី ២ រយៈពេល ២ សប្ដាហ៍ ចំពោះអ្នកចាក់វ៉ាក់សាំង Pfizer ឬ Moderna ឬមួយ ១ ដូស ចំពោះវ៉ាក់សាំង Johnson & Johnson។
ដូច្នេះ ការប្ដូរផ្លាស់និយមន័យស្ដីពី «ការចាក់វ៉ាក់សាំងពេញលេញ» អាចធ្វើឱ្យមនុស្សមួយភាគធំមិនត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ទីកន្លែងដែលអនុញ្ញាតឱ្យតែក្រុមមនុស្សដែលបាន «ចាក់វ៉ាក់សាំងពេញលេញ» ទៅតាមនិយមន័យថ្មី។ នៅ សហរដ្ឋអាម៉េរិក តួលេខនៃពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសបន្ថែម ឬដូសជំរុញ មានមិនដល់ ១៨% គិតត្រឹមថ្ងៃទី ១៨ ធ្នូ ២០២១ ខណៈដែលតួលេខអ្នកចាក់វ៉ាក់សាំងពេញលេញទៅតាមនិយមន័យបច្ចុប្បន្នរបស់ CDC គឺស្មើនឹង ៦១%។
នៅចំពោះមុខ អូមីក្រុង ប្រទេសជាច្រើនក្នុងពិភពលោក បាន និងកំពុងផ្លាស់ប្ដូរនិយមន័យស្ដីពីការចាក់វ៉ាក់សាំងពេញលេញ។ នៅ កម្ពុជា ការចាក់ដូសជំរុញ ឬដូសបន្ថែម ត្រូវបានធ្វើឡើងតាំងពីប៉ុន្មានខែមុនមកម្លេះ។ ប្រទេសអ៊ីស្រាអែល បានចាប់ផ្ដើមតម្រូវឱ្យប្រជាជនចាក់វ៉ាក់សាំងដូសបន្ថែម ដើម្បីមានសិទ្ធិ «រក្សាប័ណ្ណបៃតង» បន្តទៀត ជាលក្ខខណ្ឌដែលអនុញ្ញាតឱ្យពួកគេដើរហើរស្របច្បាប់។ កូរ៉េខាងត្បូង ចាប់ពីថ្ងៃនេះក៏ដាក់ចេញនូវវិធានការដូចគ្នានេះដែរ។
ប្រទេសមួយចំនួនផ្សេងទៀត កំពុងពិចារណាលើការកំណត់និយមន័យស្ដីពី «ការចាក់វ៉ាក់សាំងពេញលេញ»។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរី លោក Ong Ye Kung កាលពីសប្ដាហ៍មុនយល់ថា ប្រជាជនត្រូវតែចាក់ ដូសបន្ថែម ទើបត្រូវបានចាត់ទុកថា «បានចាក់វ៉ាក់សាំងពេញលេញ»។ ចំណែក ប្រទេសអូទ្រីស ក៏បានតម្រូវអ្នកដំណើរមកពីបរទេសដែលមិនទាន់ចាក់វ៉ាក់សាំងដូសជំរុញ បង្ហាញលិខិតបញ្ជាក់អំពីលទ្ធផលតេស្តអវិជ្ជមាននឹងកូវីដ-១៩។
ស្ថាប័នសុខាភិបាលរបស់ ម៉ាឡេស៊ី បានប្រកាសថា អ្នកដែលបានចាក់វ៉ាក់សាំង Sinovac នឹងត្រូវចាក់រំលឹកនៅក្នុងខែកុម្ភៈ ឆ្នាំក្រោយ បើសិនជាចង់រក្សាស្ថានភាព «បានចាក់វ៉ាក់សាំងពេញលេញ»។
ដោយឡែក អង្គការសុខភាពពិភពលោក (WHO) ក៏បានគាំទ្រដាក់ការចាក់វ៉ាក់សាំងដូសបន្ថែមចំពោះអ្នកដែលបានចាក់វ៉ាក់សាំង Sinovac ២ ដូសរួចហើយ។
ក្រុមអ្នកវិទ្យាសាស្ត្រកំពុងស្រាវជ្រាវអំពីហានិភ័យដែលបង្កឡើងដោយ វ៉ារ្យ៉ង់ អូមីក្រុង និងរបៀបដែលវាប្រតិកម្មទៅនឹងវ៉ាក់សាំង។ ក៏ប៉ុន្តែ ទិន្នន័យគ្រប់ជ្រុងជ្រោយដែលនិយាយអំពីសមត្ថភាពនៃការឆ្លងរាលដាល និងភាពសាហាវរបស់ អូមីក្រុង មិនទាន់ត្រូវបានប្រកាសឱ្យដឹងនៅឡើយ៕
