យោងតាមប្រភពព័ត៌មានពី ទីក្រុងតូក្យូ ក្រុមអ្នកវិទ្យាសាស្ត្ររបស់ ជប៉ុន ទើបតែបានរកឃើញបម្រែបម្រួលមួយនៅក្នុង វ៉ារ្យ៉ង់ដេលតា នៃ វីរុសកូវីដ-១៩ ដែលនាំឱ្យ វីរុសបំប្លែងខ្លួននេះ ប្រែជាសាហាវជាងមុន។
ភាពសាហាវរបស់ ដេលតា អាចបណ្ដាលមកពីបម្រែបម្រួលមួយត្រូវបានដាក់ឈ្មោះថា P681R ដែលកើតឡើងនៅលើប្រូតេអ៊ីនបន្លា ជារចនាសម្ព័ន្ធដែលជួយឱ្យ វីរុស អាចតោងជាប់កោសិការបស់មនុស្ស។ បម្រែបម្រួល P681R ធ្វើឱ្យបណ្ដាកោសិកាដែលមានផ្ទុកវីរុស កកើតជាចំណុចអុជៗរាងមូលនៅលើសួត និងនាំឱ្យមានអាការធ្ងន់ធ្ងរជាងមុន។
ដើម្បីស្វែងយល់អំពីភាពសាហាវរបស់ បម្រែបម្រួល P681R ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុន បានដាក់ វ៉ារ្យ៉ង់ដេលតា ឱ្យឆ្លងរាលដាលចូលកោសិកាដែលបានត្រៀមទុកពិសោធ។ ពួកគេរកឃើញថា កោសិកាទាំងនេះត្រូវជាប់ស្អិតចូលគ្នា និងកកើតស្នាមអុជមូលនៅលើសួត មានទំហំធំជាង ៣.៦ ដង ធៀបនឹងទំហំមធ្យមរបស់កោសិកាដែលមានផ្ទុក វីរុសដើមរបស់ កូវីដ-១។ សត្វកណ្ដុរដែលត្រូវបានយកមកពិសោធ បានចុះស្គមយ៉ាងលឿន និងត្រូវរលាកសួតធ្ងន់ធ្ងរជាង បើធៀបនឹងកណ្ដុរដែលឆ្លងវីរុសដើម។
សាស្ត្រាចារ្យរង Kei Sato របស់វិទ្យាស្ថានវេជ្ជសាស្ត្រ នៃ សាកលវិទ្យាល័យតូក្យូ ដែលជាអ្នកវិទ្យាសាស្ត្រមួយរូបបានរួមចំណែកក្នុងការពិសោធខាងលើ យល់ថា ការស្រាវជ្រាវទៅលើ បម្រែបម្រួល P681R នេះ អាចបកស្រាយបាននូវមូលហេតុដែលនាំឱ្យ ដេលតា បង្កឱ្យមានរោគសញ្ញាធ្ងន់ធ្ងរជាង វ៉ារ្យ៉ង់ ដទៃ៕