នេះគឺជាឆ្នាំទីពីរហើយដែលពលរដ្ឋចិន ត្រូវបានអំពាវនាវ សុំមិនត្រលប់មកស្រុកកំណើតនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ក្នុងបំណងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-។
ខណ្ឌមួយនៅក្នុងទីក្រុង Zhangjiakou នៃ ខេត្ត Hebei បានអំពាវនាវដល់មន្ត្រី បុគ្គលិករដ្ឋ និងបក្ខជន «ធ្វើជាគំរូ» ដោយការទទួលអំណរឆ្នាំថ្មីនៅនឹងកន្លែង ជំនួសឱ្យការត្រលប់ទៅស្រុកកំណើត និងចៀសវាងការធ្វើដំណើរដែលមិនចាំបាច់។
អាជ្ញាធរខណ្ឌខាងលើ ក៏បានលើកទឹកចិត្តដល់ប្រជាជន ក្នុងការបញ្ចុះបញ្ចូលញាតិរបស់ខ្លួនដែលនៅបរទេស ឬនៅតំបន់ដែលមានហានិភ័យឆ្លងកម្រិតមធ្យម និងខ្ពស់ នៅក្នុងស្រុក កុំឱ្យពួកគេត្រលប់មកចូលឆ្នាំថ្មីនៅឯស្រុកកំណើត។
«បើសិនជាមានតម្រូវការត្រូវធ្វើដំណើរ នោះការធ្វើតេស្ត និងការអនុញ្ញាត ត្រូវតែធ្វើឡើងដោយការប្រុងប្រយ័ត្ន» ប្រកាសរបស់អាជ្ញាធរខណ្ឌខាងលើ ឱ្យដឹងដូច្នេះកាលពីថ្ងៃទី ៩ ធ្នូ។
នៅក្នុងខេត្តក្វាងទុង បណ្ដាក្រុមហ៊ុនក្នុងស្រុកនៅក្នុងទីរួមស្រុក Sanxiang នៃ ទីក្រុង Zhongshan ត្រូវបានលើកទឹកចិត្តឱ្យបញ្ចុះបញ្ចូលបុគ្គលិក ឱ្យនៅស្ងៀម នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ចំណែកនៅឯ Pingxiang នៃខេត្ត Quangxi វិញ ហាងទំនិញទាំងអស់ក៏ត្រូវបានស្នើឱ្យមានការលើកទឹកចិត្តដល់បុគ្គលិក ដើម្បីកុំឱ្យពួកគេធ្វើដំណើរ។
ទន្ទឹមនឹងនេះ អាជ្ញាធរតំបន់នានារបស់ ប្រទេសចិន ក៏កំពុងបង្កើនការពិន័យទៅលើអ្នកទាំងឡាយណាដែលលាក់បាំង ឬកុហក ទាក់ទងនឹងប្រវត្តិនៃការឆ្លង ក៏ដូចជារារាំងការខិតខំក្នុងការស្រាវជ្រាវរបស់អាជ្ញាធរ លើករណីឆ្លងនីមួយ៕