ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ១២ ធ្នូ បានប្រកាសបន្ថែមប្រទេសចំនួន ៣ នៅ អឺរ៉ុប ទៅក្នុងបញ្ជី «ក្រហម» ដែលមានប្រទេសប្រមាណ ៥០ ភាគច្រើននៅ តំបន់អាហ្វ្រិក ដែលពលរដ្ឋរបស់ប្រទេសនេះ ត្រូវបានហាមមិនឱ្យទៅមក ដោយសារតែមានការព្រួយបារម្ភអំពី វីរុសបំប្លែងខ្លួន អូមីក្រុង។
ប្រទេសចំនួន ៣ នៅ អឺរ៉ុប ដែលត្រូវបាន អ៊ីស្រាអែល ហាមការធ្វើដំណើរទៅមក រួមមាន ប្រទេសអង់គ្លេស, ដាណឺម៉ាក និង បែលហ្ស៊ិក។ បម្រាមដែលទាក់ទិននឹងប្រទេសចំនួន ៣ នេះ នឹងមានសុពលភាពចាប់ពីថ្ងៃទី ១៥ ធ្នូ ២០២១។
មុននោះ ប្រទេសអ៊ីស្រាអែល ក៏បានចេញបទបញ្ជា ហាមផ្ដល់ទិដ្ឋាការដល់ពលរដ្ឋបរទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងតម្រូវឱ្យធ្វើចត្តាឡីស័កពី ៣ ទៅ ៧ ថ្ងៃ ចំពោះ ពលរដ្ឋអ៊ីស្រាអែល ដែលធ្វើដំណើរពីប្រទេសក្រៅ ចូលមកស្រុក។
បច្ចុប្បន្ន អ៊ីស្រាអែល បានរកឃើញករណីឆ្លង កូវីដ-១៩ ប្រភេទ អូមីក្រុង ចំនួន ៥៥ នាក់ ក្នុងគ្រាដែលប្រទេសនេះកំពុងបង្កើនល្បឿននៃការចាក់វ៉ាក់សាំង និងរឹតបន្តឹងវិធានការការពារ ក្នុងនោះមានដូចជា ការតម្រូវឱ្យពាក់ម៉ាសជាដើម៕