អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ១២ ធ្នូ បានឱ្យដឹងថា ទិន្នន័យផ្លូវការដំបូងៗ បានបង្ហាញថា វីរុសបំប្លែងខ្លួនថ្មី អូមីក្រុង ងាយឆ្លងជាង ដេលតា (Delta) និងកាត់បន្ថយប្រសិទ្ធភាពរបស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប៉ុន្តែបែរជាបង្កអាការរោគស្រាលជាងទៅវិញ។
គិតត្រឹមថ្ងៃទី ៩ ធ្នូ វ៉ារ្យ៉ង់អូមីក្រុង បានបង្ហាញវត្តមាននៅក្នុងប្រទេសចំនួន ៦៣ រួចមកហើយ ក្នុងនោះ ល្បឿននៃការឆ្លងរាលដាលលឿនត្រូវបានរកឃើញនៅ អាហ្វ្រិកខាងត្បូង ជាទីដែលមិនសូវមាន វ៉ារ្យ៉ង់ដេលតា និងនៅ ប្រទេសអង់គ្លេស ជាទីដែល ដេលតា រាតត្បាតខ្លាំងជាងគេ។
យោងតាមរបាយការណ៍បច្ចេកទេសរបស់ WHO អូមីក្រុង បង្កឱ្យមាន «ការថយចុះនៃប្រសិទ្ធភាពរបស់វ៉ាក់សាំង នៅក្នុងការបង្ការការឆ្លងរាលដាល» ហើយបើយោងទៅតាមទិន្នន័យដែលមានស្រាប់ «អូមីក្រុង អាចមានលទ្ធភាពយកឈ្នះលើ ដេលតា» ស្ដីពីទំហំនៃការឆ្លងក្នុងសហគមន៍។
របាយការណ៍ក៏បានឱ្យដឹងថា គិតមកដល់បច្ចុប្បន្ន ករណីឆ្លង អូមីក្រុង នានា គ្រាន់តែបង្កអាការរោគ «ស្រាល» ឬស្ទើរតែពុំមានរោគសញ្ញា។ ប៉ុន្តែ WHO ក៏បានបញ្ជាក់ថា មិនទាន់មានទិន្នន័យគ្រប់គ្រាន់នៅឡើយ ដើម្បីអាចវាយតម្លៃសរុបអំពីភាពសាហាវរបស់ វ៉ារ្យ៉ង់ នេះ៕