ករណីឆ្លងវីរុសកូវីដ-១៩ ប្រភេទ អូមីក្រុង ក្នុងសហគមន៍ជាលើកដំបូង នៅ ប្រទេសសិង្ហបុរី គឺជាការព្រមានអំពីរលកនៃការឆ្លងរាលដាលបន្តទៀត។
ក្រសួងសុខាភិបាលសិង្ហបុរី ថ្ងៃនេះ បានឱ្យដឹងថា អ្នកវិជ្ជមាននឹង វ៉ារ្យ៉ង់អូមីក្រុង ករណីដំបូងក្នុងសហគមន៍ នេះគឺជាស្ត្រីដែលមានសញ្ជាតិសិង្ហបុរី អាយុ ២៤ ឆ្នាំ ធ្វើការនៅអាកាសយានដ្ឋាន។ «អ្នកវិជ្ជមាននឹង កូវីដ-១៩ ម្នាក់នេះ ប្រហែលជាបានប៉ះពាល់អ្នកដំណើរមកពីបណ្ដាប្រទេសដែលរងឥទ្ធិពលពី វ៉ារ្យ៉ង់អូមីក្រុង» នេះបើតាមក្រសួងសុខាភិបាលសិង្ហបុរី។
បុគ្គលិកអាកាសយានដ្ឋានរូបនេះ ត្រូវបានរកឃើញថា កំពុងផ្ទុកវីរុសកូវីដ-១៩ ប្រភេទ អូមីក្រុង នៅក្នុងការពិសោធសំណាកជាទៀងទាត់ចំពោះបុគ្គលិកជួរមុខ។ នាងបានទទួលការវាក់វ៉ាក់សាំងពេញលេញ និងពុំមានអាការរោគអ្វីឡើយ។
កន្លងមក ប្រទេសសិង្ហបុរី បានរកឃើញករណីវិជ្ជមាននឹង កូវីដ-១៩ ប្រភេទ អូមីក្រុង ជាច្រើននាក់ ក៏ប៉ុន្តែ ទាំងនោះសុទ្ធតែជាករណីនាំចូល។
វ៉ារ្យ៉ង់អូមីក្រុង ត្រូវបានរកឃើញដំបូងនៅ ប្រទេសបុតស្វាណា (Botswana) កាលពីថ្ងៃទី ១១ វិច្ឆិកា ២០២១ និងត្រូវបាន ប្រទេសអាហ្វ្រិកខាងត្បូង រាយការណ៍ជូនអង្គការសុខភាពពិភពលោក នៅថ្ងៃទី ២៤ វិច្ឆិកា ហើយគិតមកដល់បច្ចុប្បន្ន វ៉ារ្យ៉ង់ នេះ បានឆ្លងរាលដាលដល់ប្រទេសចំនួន ៥៧ រួចហើយ។
ក្រុមអ្នកវិទ្យាសាស្ត្ររបស់ពិភពលោក កំពុងប្រឹងប្រែង «រត់ប្រណាំងនឹងពេលវេលា» ដើម្បីវិភាគអំពីកម្រិតនៃគ្រោះថ្នាក់របស់ អូមីក្រុង៕