រាជរដ្ឋាភិបាលកម្ពុជា បានចេញ ស.ជ.ណ ដល់ក្រុមហ៊ុនក្នុងស្រុករួចហើយ ហើយការចរចាជាមួយស្ថានទូតចិនប្រចាំកម្ពុជា និងក្រុមហ៊ុនចិន អាចនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ នេះបើយោងតាមសម្ដីរបស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
ព័ត៌មាននេះត្រូវបានលើកឡើងនៅក្នុងឱកាសដែលរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញទៅទទួលវ៉ាក់សាំង អាស្ត្រាហ្សេនេកា (AstraZeneca) ចំនួន ២៩០,៤០០ ដូស ដែលជាជំនួយរបស់រាជរដ្ឋាភិបាល នៃប្រទេសហូឡង់ តាមរយៈយន្តការកូវ៉ាក់ (Covax Facility) នាព្រឹកថ្ងៃទី ១០ ខែធ្នូ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ដំណឹងដ៏ល្អនេះ ក៏ត្រូវបានបញ្ជាក់នៅក្នុងគ្រាដែលអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅ កម្ពុជា មានការកើនឡើងខ្ពស់ ក្នុងនោះ ប្រជាជនអាយុពី ១៨ ឆ្នាំឡើង ចាក់បាន ១០១.១៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់, កុមារយុវវ័យអាយុពី ១២ ឆ្នាំ ទៅក្រោម ១៨ ឆ្នាំ ចាក់បាន ៩៨,៨៨% ធៀបនឹង ចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់, កុមារអាយុពី ៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ ចាក់បាន ១០៤,៧៧% ធៀប នឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ និងកុមារអាយុ ៥ ឆ្នាំ ចាក់បាន ៩៣,៤៨% ធៀប នឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់ ខណៈលទ្ធផលនៃការចាក់វ៉ាក់សាំងសរុបធៀបនឹងចំនួនប្រជាជនសរុប ១៦ លាននាក់ បានកើនដល់ ៨៨,៧២%៕