រដ្ឋលេខាធិការក្រសួងសុខាភិបាល របស់ កម្ពុជា បានថ្លែងថា កុមារតូចៗដែលមានអាយុ ៣ ឆ្នាំ និង ៤ ឆ្នាំ អាចនឹងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗខាងមុខ ដោយយោងទៅតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ ប្រទេសចិន។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងដូចខាងលើ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេនេកា (AstraZeneca) ចំនួន ២៩០,៤០០ ដូស ដែលជាជំនួយរបស់រាជរដ្ឋាភិបាល នៃ ប្រទេសហូឡង់ តាមរយៈយន្តការលកូវ៉ាក់ (Covax Facility) កាលពីព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២។
“ក្រុមហ៊ុនស៊ីណូវ៉ាក់ បានបញ្ជាក់រួចហើយពីប្រសិទ្ធភាព និងសុវត្ថិភាព ហើយ ប្រទេសចិន នៅពេលនេះបាននិងកំពុងចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនដល់កុមារដែលមានអាយុ ៣ ឆ្នាំឡើងរួចហើយដែរ» លោកជំទាវ យក់ សម្បត្តិ បញ្ជាក់ដូច្នេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ក្រសួងសុខាភិបាល ក៏ដូចជាគ.វ.ក១៩ ពិនិត្យ និងសិក្សាពីលទ្ធភាពក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារតូចៗ នៅ កម្ពុជា ផងដែរ។
គិតមកដល់បច្ចុប្បន្ន កម្ពុជា បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបជាង ៤០,៥ លានដូសហើយ ក្នុងនោះវ៉ាក់សាំងនៅសល់ក្នុងឃ្លាំង ប្រមាណ ៥ លានដូស។